មានករណីឆបោកដ៏មិននឹកស្មានមួយ បានកើតឡើងទៅលើស្រ្តីជនជាតិបារាំងវ័យ ៥៣ ឆ្នាំម្នាក់ ដែលនាងត្រូវគេបោកលុយអស់ជាង ៨០ ម៉ឺនដុល្លារ ដោយប្រើល្បិចបន្លំជាតារាប្រុស Brad Pitt ដែលត្រូវការលុយទៅព្យាបាលជំងឺតម្រោងនោម។
ស្រ្តីរូបនេះបានឱ្យដឹងថា រឿងបានចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ដែលដំបូងឡើយនាងបានផុសរូបខ្លួនឯងនៅតាមបណ្តាញសង្គម ហើយក៏មានគណនីមួយឆាតមកនាង ដោយបានអះអាងថាជាម្តាយបង្កើតរបស់តារាប្រុស Brad Pitt ហើយតែងតែនិយាយលួងលោមថានាងពិតជាស័ក្តិសមជាមួយនឹង Brad Pitt ដែលជាកូនប្រុសខ្លួនណាស់។ ក្រោយមក ក៏ស្រាប់តែមានគណនីមួយទៀតឆាតមកនាង ដែលបានអាងថាជាតារាប្រុស Brad Pitt ហើយនាងក៏បានសាសងជាមួយគេតាមរយៈអនឡាញ រហូតជ្រុលខ្លួនស្រឡាញ់គេ។
ដោយដឹងថាស្រ្តីនេះទើបតែបានលែងលះស្វាមី ហើយទទួលបានលុយសំណងច្រើន ជនអនាមិកដែលបន្លំខ្លួនជា Brad Pitt ក៏បានប្រាប់នាងថា ពេលនេះគេកំពុងតែជាប់រឿងចម្រូងចម្រាស់លែងគ្នាជាមួយ Angelina Jolie ទើបគេគ្មានលុយព្យាបាលជំងឺតម្រងនោមឡើយ ហើយក៏សុំឱ្យនាងជួយ។ អស់រយៈពេលជាច្រើនខែលុយដែលនាងបានឱ្យទៅគេទាំងអស់ ៨៣០ ០០០ យូរ៉ូ ដែលស្មើប្រមាណជាង ៨៦០ ០០០ ដុល្លារឯណោះ លុះថ្ងៃមួយស្រាប់តែនាងទៅឃើញព័ត៌មានក្នុងទូរទស្សន៍ថា Brad Pitt កំពុងទាក់ទងជាមួយនឹងសង្សារថ្មីឈ្មោះ Ines de Ramon ទើបនាងដឹងខ្លួនថាត្រូវគេឆបោក។
នាងទើបតែដឹងថា រូបភាពដែលគេបានផ្ញើមកនាងទាំងអស់ គឺសុទ្ធតែជារូបភាព AI ហើយនាងក៏បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសដែរ តែនៅមិនទាន់មានដំណើរការអ្វីឡើយ ហើយចុងក្រោយនាងក៏ត្រូវគេសើចចំអកពេញបណ្តាញសង្គមទៀត៕
ប្រភព៖ Khaosod