នៅវេលាម៉ោង ១២ និង ១៧ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ (ពេលវេលាក្នុងតំបន់) មានគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រមួយដែលមានចំណុចចកណ្ដាលប្រមាណជាង ១១ គីឡូម៉ែត្រភាគខាងជើងសង្កាត់ Yujing នៃកោះតៃវ៉ាន់។
គ្រោះរញ្ជួយដីនេះដែរ បានបង្កការខូចខាតទំនិញក្នុងហាងជាច្រើន ខណៈផ្ទះសម្បែងពលរដ្ឋមួយចំនួនក៏ដួលរលំ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧ នាក់បានរងរបួស នេះបើតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់។
គួរបញ្ជាក់ថា កោះតៃវ៉ាន់តែងរងការវាយប្រហារដោយគ្រោះរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងកោះនេះស្ថិតនៅចុងនៃបន្ទះ tectonic ចំនួន ២ ក្បែរចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក។
ជាក់ស្ដែង ការរញ្ជួយដីធ្ងន់ធ្ងរចុងក្រោយគេបង្អស់គឺកើតឡើងកាលពីខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដោយកោះមួយនេះរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បណ្ដាលឱ្យមនុស្សប្រមាណ ១៧ នាក់បាត់បង់ជីវិត៕
ប្រភព៖ Daily Mail