ឆ្នាំថ្មីនេះ អ្នកកើតឆ្នាំឆ្លូវនៅអាយុទាំងនេះ ត្រូវប្រយ័ត្នខ្លាំង ៨ យ៉ាងនេះ ព្រោះទំនាយជួបគ្រោះកាចធំ
តាមសៀវភៅតម្រាមហាសង្ក្រាន្តឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៥ គ.ស ២០២១ របស់ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីការព្យាករណ៍លោកអ្នកដែលកើតឆ្នាំឆ្លូវ មានអាយុចាប់ពី ០៦ ឆ្នាំ ដល់ ៧៩ ឆ្នាំ ដែលមានទំនាយខុសៗគ្នា ។
សម្រាប់លោកអ្នកជាបុរសដែលកើតឆ្នាំឆ្លូវ មានអាយុ ០៧, ១៦, ១៩, ២៨, ៣១, ៤០, ៤៣, ៥២, ៥៥, ៦៤ ,៦៧ ,៧៦ ,៧៩ ឆ្នាំ រីឯលោកអ្នកជាស្ត្រីដែលមានអាយុ ០៦, ១៥, ១៨, ២៧, ៣០, ៣៩, ៤២, ៥១, ៥៤, ៦៣, ៦៦, ៧៥, ៧៨ ឆ្នាំ បើតាមទំនាយថា ឆ្នាំថ្មីនេះជាឆ្នាំមានគ្រោះកាចធំ ដែលតម្រូវឱ្យលោកអ្នកជាបុរស និង ស្រ្តី មានការប្រុងប្រយ័ត្នឱ្យបានមែនទែន ព្រោះហេតុនឹងអាចកើតឡើងបានជាច្រើនប្រការ ដូចជា ៖
១- នឹងជួបប្រទះរឿងទុក្ខសោកខូចចិត្ត ដោយពពួកសត្រូវក្រុមពាលទាំងឡាយប៉ុនប៉ងព្យាបាទ កុំធ្វើដំណើរទៅទីស្ងាត់ និង ពេលរាត្រី ព្រោះនឹងត្រូវចោរខ្មួយគំរាមកំហែង ។
២- រោគាព្យាធិបៀតបៀនកាយ សត្វអាសិរ្ពិសទិច ឬ ខាំធ្វើឱ្យអស់សេចក្តីសុខ ។
៣- លុយកាក់ត្រូវចំណាយច្រើន ទាំងក្នុងផ្លូវដែលចាំបាច់ និង មិនចាំបាច់ ដែលអាចហៅបានថាជាឆ្នាំដែលចុះដើមទុនក្នុងផ្លូវដែលចាំបាច់ និង ជាឆ្នាំនៃការចំណាយទៅក្នុងផ្លូវដែលមិនចាំបាច់ បើធ្វើជំនួញជួញប្រែនឹងត្រូវខាតដើមទុន ។
៤- សង្ឃឹមផលប្រយោជន៍ទៅលើផ្លូវអ្វីច្រើនតែខុសភ្លាំងភ្លាត់ ប្រាក់ចំណូលតិចជាង ប្រាក់ចំណាយ ឬ បានមកហើយចាយអស់ទៅវិញ ។
៥- បងប្អូនញាតិមិត្តដែលធ្លាប់ស្រឡាញ់រាប់អានគ្នានឹងប្រែក្លាយជាសត្រូវ ។
៦- ទីលំនៅ ឬ កន្លែងធ្វើការត្រូវផ្លាស់ប្តូរ ឬ ធ្វើដំណើរទៅស្រុកឆ្ងាយ ឬ បើលោកអ្នកមិនចាកចេញទៅទេក៏គង់មានមនុស្សនៅក្នុងផ្ទះចាកចេញទៅដែរ ។
៧-រងទទួលសេចក្តីយ៉ាប់យឺនលំបាកលំបិន ឬ នឿយហត់ជាខ្លាំងទាល់តែមានភាពមានអត់ធន់ ។
៨-ធ្វើការងារជាមួយអ្នកដទៃ នឹងត្រូវគេឆបោក បងប្អូនញាតិមិត្តស្និទ្ធស្នាលប្រែទៅជាសត្រូវ កន្លែងធ្លាប់នៅនឹងត្រូវក្តៅក្រហាយ ឬ ត្រូវគេបណ្តេញចេញចិត្តថ្លើមអន្ទះអន្ទែង ៕