ឆ្នាំនេះ មនុស្សស្រីកើតឆ្នាំជូត ជោគរាសីល្អគេនាំលាភដល់ៗផ្ទះ តែមនុស្សប្រុសត្រូវប្រយ័ត្នមិត្តភក្តិ នាំខាតបង់ប្រាក់
ទេវតាឆ្នាំថ្មី បុត្រីទី ៤ នៃកបិលមហាព្រហ្ម ព្រះនាងមណ្ឌាទេវី នឹងយាងចុះមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ្រិស្តសករាជ ២០២១ វេលាម៉ោង ០៤ និង ០០ នាទីទៀបភ្លឺ ។
តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពី ជោគជតារាសីប្រចាំ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកកើតឆ្នាំជូត ដូចខាងក្រោម ៖
បើជាមនុស្សប្រុស ឆ្នាំជូត ទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយ អ្នកគង់ បានសម្រេច ក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬ មនុស្សធ្វើការជា មួយអ្នក គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឲ្យខកខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរ ធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬ ប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យ គេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។
បើជាមនុស្សស្រី ឆ្នាំជូត ទំនាយថា ៖
ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អ ជាទីបំផុតបើអ្នកមានបំណងធ្វើអី មុខជាបានសម្រេចផលយ៉ាងមែនពិត ។ ប៉ុន្តែថាអ្នកកុំផ្តេកផ្ដួល នឹងការជួយឈឺឆ្អាល ពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែ ប្រយ័ត្នឲ្យមែនទែន ហើយ ខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត ។ នៅក្នុងបន្ទុកក្រុមគ្រួសារ លោកអ្នកដែលកើតឆ្នាំនេះ គឺមានសេចក្តីសុខយ៉ាងក្រៃលែង ៕