មនុស្សប្រុសឆ្នាំឆ្លូវ ឆ្នាំនេះជួបឧបសគ្គច្រើន ឯមនុស្សស្រីបើរៀបការនឹងជួបលាភភ្លាមៗ តែត្រូវប្រយ័ត្នរឿងនេះ
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ នឹងឈានចូលមកដល់ នៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ្រិស្តសករាជ ២០២១ វេលាម៉ោង ០៤ និង ០០ នាទីទៀបភ្លឺ ។ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ព្រះនាង មណ្ឌាទេវី ក្នុងកិរិយាគង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈយាន ។
នៅក្នុងឆ្នាំឆ្លូវត្រីស័កនេះ លោកអ្នកកើតឆ្នាំឆ្លូវ មានទំនាយដូចខាងក្រោម ៖
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នក មិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្ត ពុះពារ និង ប្រឹងរម្ងាប់ចិត្តទប់ទល់ និង អធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬ ធ្វើកិច្ចការយ៉ាងណាៗ ដោយសេចក្ដីឧស្សាហ៍ និង ស្វាហាប់ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណេះ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្ដីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែទោះជាយ៉ាងនេះក៏ដោយក៏គង់តែនៅមានមនុស្សឫស្យា ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ជោរ លើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ ហើយមិនគួរលីសែង រែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង ៕