ចាំបាច់ណាស់! មកដឹងត្រណមសំខាន់ៗ ១០ យ៉ាង មិនគួរធ្វើពេលសែនក្បាលទឹក
ពិធីបុណ្យ សែនក្បាលទឹក ជាពិធីបុណ្យមួយ មានលក្ខណៈស្រដៀងទៅនឹងបុណ្យភ្ជុំបិណ្ឌខ្មែរដែរ ដែលពិធីបុណ្យនេះ ត្រូវបានប្រជាជនចិន និងប្រជាជនខ្មែរកាត់ចិន នាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនដែលរំលងនោះទេ ខណៈប្រជាជនចិនបានចាត់ទុកពិធីបុណ្យមួយនេះជាបុណ្យធំ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬ បុណ្យនិទាឃរដូវ ។
យ៉ាងណាមិញ ចំពោះពិធីបុណ្យសែនក្បាលទឹកនេះ បើតាមទំនៀមប្រជាជនចិន គឺមានត្រណមចំនួន ១០ ដែលមិនត្រូវធ្វើក្នុងពេលប្រារព្ធពិធី ដែលត្រណមទាំងនោះមានដូចជា ៖
១. មិនត្រូវពាក់សម្លៀកបំពាក់ក្រហម ឬ ខ្មៅឡើយ ព្រោះគេជឿថាពណ៌ទាំង ២ នេះលេចធ្លោ ជាពណ៌ដែលទាក់ទាញនូវវិញ្ញាណអនាថា ឱ្យមកប្រមូលផ្ដុំនៅជិតអ្នក ។
២. កុំអង្គុយ ឬ ផ្អៀងតុដង្វាយ នៅពេលដែលអ្នកអង្គុយ ឬ ដាក់វត្ថុអ្វីមួយនៅលើតុដង្វាយ នោះមានន័យថា អ្វីទាំងនោះគឺជាដង្វាយ ដូច្នេះហើយអ្នកដែលទទួលដង្វាយនឹងស្រូបថាមពលពីអ្វីទាំងនោះតែម្ដង ។
៣. នៅឱ្យឆ្ងាយពីសកម្មភាពទាក់ទងនឹងទឹក ព្រោះគេមានជំនឿថា អាចនឹងមានព្រលឹងខ្មោចទឹកទាញយកទៅ ។
៤. ហាមហួច ប្រជាជនចិនមានជំនឿថា នៅពេលដែលអ្នកហួច នោះនឹងទាក់ទាញព្រលឹងខ្មោច ដែលវង្វេងទិសដៅ ងាកមកជួបអ្នកទៅតាមសំឡេងដែលបានហួច ។
៥. មិនត្រូវឈរជិតជញ្ជាំង ឬ ផ្លូវតូចជិតជញ្ជាំង ព្រោះគេមានជំនឿថា ជញ្ជាំងមានធាតុត្រជាក់ និង មានផ្ទៃធំជាទីកន្លែងដែលខ្មោចមកជួបជុំគ្នា ។
៦. មិនត្រូវហាលសម្លៀកបំពាក់នៅខាងក្រៅ ព្រោះគេមានជំនឿជឿថា អាចនឹងមានព្រលឹងខ្មោចបិសាច មកស្លៀកសម្លៀកបំពាក់នោះ នាំឱ្យមានសំណាងមិនល្អ ។
៧. មិនត្រូវរៀបការក្នុងខែនៃពិធីបុណ្យនេះឡើយ ព្រោះគេជឿថាជារឿងអពមង្គល នឹងអាចនាំឱ្យមានទុក្ខសោកទៅថ្ងៃក្រោយ ។
៨. មិនត្រូវរើសរបស់ចម្លែក ដែលឃើញចៃដន្យនៅតាមផ្លូវ ព្រោះគេជឿថារបស់ទាំងនោះ ជាកម្មសិទ្ធិរបស់វិញ្ញាណអាក្រក់ ដែលទាក់ទាញអ្នកឱ្យមានទំនាក់ទំនងជាមួយវា ។
៩. មិនត្រូវនិយាយអំពីរឿងខ្មោច នៅក្នុងខែនៃពិធីបុណ្យនេះឡើយ ព្រោះគេមានជំនឿជឿថា វាអាចបង្កទៅជាសំណាងអាក្រក់ ។
១០. មិនត្រូវថតរូបពេលយប់ឡើយ ព្រោះគេជឿថា នឹងអាចថតជាប់នូវព្រលឹង ឬ វិញ្ញាណខ្មោច ៕
ប្រភព ៖ airasia.com