តស់! មកដឹងពីវិធី និង ពេលវេលាល្អក្នុងការអុជធូបយកហុងស៊ុយ ថ្ងៃសែនចូលឆ្នាំចិន
ចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ដែលតែងតែប្រារព្ធឡើងជារៀងរាល់ ១ ឆ្នាំម្ដង ដែលមានរយៈពេល ៣ ថ្ងៃ ។ ដោយឡែក នៅកម្ពុជាវិញគេកត់សម្គាល់ឃើញមានអ្នកជាប់សែស្រឡាយចិន និង អ្នករកស៊ី ព្រមទាំងជនជាតិចិនកំពុងរស់នៅមួយចំនួន តែងបាននាំគ្នាចូលរួមប្រារព្ធពិធីបុណ្យនេះ មិនដែលខានឡើយ ដែលមានដូចជាការសែនព្រេននៅផ្ទះ ក៏ដូចជាការថ្វាយវត្ថុស័ក្តិសិទ្ធិតាមទីកន្លែងផ្សេងៗជាច្រើន។ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ» នឹងទម្លាយពីវិធី និង ពេលវេលាល្អក្នុងការអុជធូបយកហេង ជូនប្រិយមិត្តទស្សនា៖
១. ពេលព្រឹក
នៅពេលព្រឹក គឺជាពេលវេលាល្អបំផុតសម្រាប់ការការអុជធូបគោរពរំឮកអរព្រះគុណដល់វត្ថុស័ក្តិសិទ្ធិ ឬ ទេវតាដែលតែងតែគ្រប់គ្រងថែរក្សានៅផ្ទះយើងឱ្យមានសេចក្តីសុខរហូតមក។ ហើយក្នុងការអុជនេះ គេប្រើធូបចំនួន ៣ សរសៃផងដែរ។
២. ពេលថ្ងៃត្រង់
នៅពេលថ្ងៃត្រង់ គឺជាពេលវេលាសម្រាប់ការអុជធូបរំឭកដល់បុព្វបុរសជីដូនជីតាដែលបានចែកឋានទៅហើយ។ ការអុជនេះ មិនត្រូវឱ្យហួសពេលថ្ងៃត្រង់ឡើយ ហើយគេប្រើធូបចំនួន ៣ សរសៃ។
៣. ពេលល្ងាច
នៅពេលល្ងាច គឺជាពេលវេលាអុចធូបធ្វើទានសែនឧទ្ទិសបុណ្យកុសលឱ្យទៅពួកវិញ្ញាណអមនុស្សដែលគ្មានញាតិសន្ដាន ហើយភាគច្រើនគេតែងតែសែនបាយម្ហូប និង នំៗផ្សេងៗ ហើយក្នុងនោះគេថែមទាំងមានដុតកាំជ្រួចដើម្បីបណ្តេញឧបទ្រពចង្រៃចេញផងដែរ។ ហើយគេប្រើធូបចំនួន ១ សរសៃប៉ុណ្ណោះ។
៤. ពេលយប់
នៅពេលយប់ គឺជាពេលល្អសម្រាប់ការអុជធូបគោរពដល់ទេវតានៃជោគលាភ Cai Xing Yee ហើយពេលម៉ោងដែលល្អបំផុត គឺចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៥ ព្រឹក។ នៅឆ្នាំនេះ គេឱ្យរៀបចំថ្វាយដាក់ទុកសម្រាប់គោរពអញ្ជើញទ្រង់នៅទិសខាងកើត ព្រោះគេជឿថាលោកនឹងយាងមកនៅទិសនេះ។ ម៉្យាងទៀតដើម្បីគោរពលោក គេត្រូវប្រើធូប ៥ សរសៃ៕