អ្នកគ្រូបញ្ជាក់ច្បាស់ៗ! អ្វីដែលជួយឱ្យយើងហេង មិនមែនជាការសែនទីជូអៀទេ តែជាការធ្វើបែបនេះ
នៅថ្ងៃទី ១, ២ និង ៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលនឹងឈានមកដល់ខាងមុខនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន និយមរៀបចំតុបតែងផ្ទះ ត្រៀមខ្លួនយ៉ាងរីករាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។
ដោយឡែក ចំពោះការរៀបចំសែនព្រេននៅក្នុងឆ្នាំថ្មី ២០២២ នេះ ទៀតសោត បើតាមការបញ្ជាក់ពីអ្នកគ្រូហុងស៊ុយ ណាលី នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ បានឱ្យដឹងថា ៖ «អ្វីដែលជួយឱ្យយើងហេង មិនមែនជាការសែនទីជូអៀហ្នឹងទេ តែអ្វីដែលជួយឱ្យយើងហេង គឺយើងត្រូវដឹងថា ផ្ទះរបស់យើង Zone ណា ដែលហេងជាងគេក្នុងឆ្នាំ ២០២២ នេះ ហើយយើងទៅតែង Zone ហ្នឹង ឱ្យហេង។ ហើយកន្លែងណា ឬ Zone ណា នៃផ្ទះរបស់យើង ស៊យ យើងត្រូវទៅតែង Zone ហ្នឹង ដើម្បីបង្ក្រាបភាពស៊យហ្នឹង»។
គួរឱ្យដឹងផងដែរថា កន្លងមកអ្នកគ្រូធ្លាប់បានបញ្ជាក់រួចមកហើយថា ក្នុងឆ្នាំ ២០២២ នេះ គឺហាមមិនឱ្យប្រើពណ៌ក្រហម លឿង ហាមមិនឱ្យប្រើពណ៌ភ្លើងលោតភ្លឹបភ្លែត និង ហាមមិនឱ្យដុតផាវផ្ដេសផ្ដាសនោះឡើយ ដោយហេតុថានៅកណ្ដាលផ្ទះ គឺចំតារាសាស្ត្រលេខ ៥ ដែលជាតារាសាស្ត្រស៊យជាងគេបង្អស់។
ក្នុងនោះអ្នកគ្រូ ធ្លាប់បានបញ្ជាក់ពីមូលហេតុបន្ថែមថា ៖ «កន្លងមក តាមក្បួនបុរាណតៗគ្នាមក តែងប្រើពណ៌ក្រហមហើយ ប៉ុន្តែបើសិនជាយើងគិតឱ្យលម្អិតតែម្ដង នៅពេលដែលយើងសែន គឺត្រូវដឹងថាថាមពលធាតុអីចូលមក។ ជាក់ស្ដែងថ្ងៃទី ៣១ ជាថ្ងៃដែលចូលឆ្នាំចិន នេះមានន័យថា ថាមពល ២ ចរចូលមកជាថាមពលពិឃាត ដូច្នេះសម្រាប់អ្នកដែលមានថ្ងៃឆុង ខែឆុង ឆ្នាំឆុង ម៉ោងឆុង នៅពេលដែលសែន បង្ការខ្លួនពីការឆុង ដោយប្រើក្រណាត់ក្រាលសម្រាប់គ្រឿងសែន គឺប្រើពណ៌ទឹកប៊ិច ខណៈខោអាវគឺប្រើពណ៌ទឹកប៊ិចបានដូចគ្នា អាវយឺតក៏បានអីក៏បាន សំខាន់ទឹកប៊ិច ឬ ខ្មៅ ឬ ផ្ទៃមេឃគឺបានដូចគ្នា គឺប្រភេទពណ៌ធាតុទឹក»៕