ផ្ទុះការភ្ញាក់ផ្អើល! លោក អុឹម បុរិន្ទ គ្រូហោរាសាស្ត្រខ្មែរថា ប្រើពណ៌ក្រហមតាមទំនៀមគឺល្អបំផុត កុំតាមហោរចិនពេកអី
នាថ្ងៃទី ៣១ ខែមករា និង ថ្ងៃទី ១, ២ និង ៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលនឹងឈានមកដល់ខាងមុខនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន និយមរៀបចំតុបតែងផ្ទះ និង រៀបចំរណ្ដាប់រណ្ដា ទៅតាមក្បួនហុងស៊ុយតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបានសេចក្ដីសុខ រកស៊ីកាក់កប មានលាភមានជ័យ ក្នុងឆ្នាំថ្មីដែលនឹងចូលមកដល់។
ទន្ទឹមមុនថ្ងៃចូលឆ្នាំចិនមកដល់ មានការផ្អើលតាមគ្នាមួយថា នៅថ្ងៃសែនចិនមានគ្រូហុងស៊ុយល្បីម្នាក់បាននិយាយថា ហាមប្រើពណ៌ក្រហម-លឿង ដោយជំនួសមកវិញនូវការប្រើពណ៌ទឹកប៊ិច ផ្ទៃមេឃ ឬ ខ្មៅ ខណៈខោអាវក៏ត្រូវប្រើពណ៌ទឹកប៊ិច ផ្ទៃមេឃ ឬ ខ្មៅដូចគ្នា ដែលប្រភេទពណ៌ទាំងនេះជាពណ៌ធាតុទឹក។
គ្រូហុងស៊ុយល្បីរូបនោះបានបញ្ជាក់ថា ចំពោះការរៀបចំពណ៌សែនព្រេននៅក្នុងឆ្នាំនេះ គឺត្រូវប្រើប្រាស់ពណ៌ខៀវ ដែលប្លែកពីរាល់ឆ្នាំ គេនិយមប្រើប្រាស់ពណ៌ក្រហម ចំពោះការសែនព្រេនឆ្នាំថ្មី ដោយហេតុថានៅថ្ងៃទី ៣១ ជាថ្ងៃដែលចូលឆ្នាំចិន នេះមានថាមពល ២ ចរចូលមកជាថាមពលពិឃាត ដូច្នេះសម្រាប់អ្នកដែលមានថ្ងៃឆុង ខែឆុង ឆ្នាំឆុង ម៉ោងឆុង នៅពេលដែលសែន បង្ការខ្លួនពីការឆុង ដោយប្រើក្រណាត់ក្រាលសម្រាប់គ្រឿងសែន គឺប្រើពណ៌ទឹកប៊ិច ខណៈខោអាវក៏ប្រើពណ៌ទឹកប៊ិចបានដូចគ្នា អាវយឺតក៏បានអ្វីក៏បាន សំខាន់ទឹកប៊ិច ឬ ខ្មៅ ឬ ផ្ទៃមេឃគឺបានដូចគ្នា ដែលវាជាប្រភេទពណ៌ធាតុទឹក។
យ៉ាងណាមិញ បើតាមលោក អុឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ និង ជាទីប្រឹក្សាអមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ កាលពីថ្មីៗកន្លងទៅបានបង្ហោះសារបកស្រាយខ្លះទាក់ទងនឹងរឿងរ៉ាវសែនមុនចូលឆ្នាំចិន ហាក់ផ្ទុយស្រឡះពីការលើកឡើងគ្រូហុងស៊ុយខាងលើ ដោយលោកបានរៀបរាប់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក មានអត្ថន័យដូចខាងក្រោម ៖
«នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញហោរាគ្រូទាយចិនសែរីកព្រោងព្រាតពេញហ្វេសប៊ុកផេក វាជាការល្អម្យ៉ាងដែរដែលមានហោរាជាច្រើនដូច្នេះ ព្រោះងាយស្រួលក្នុងការឱ្យគ្រូហោរជួយតម្រង់ទិសការងារអាជីវកម្មខ្លះៗ។ តាមករសង្កេតរបស់ខ្ញុំឥឡូវនេះហោរាកាន់ក្បួនចិន ដែលយើងធ្លាប់ហៅថា ចិនសែមានការរីកដុះដាលខ្លាំងជាគេ ហើយក៏ត្រូវប៉ាន់ជាងគេផង។
តាមការសង្កេតក៏បានឃើញថាហោរាខ្មែរ ហោរដែលជាអ្នកស្នងរូប ហៅថាខ្មោចចូលហោរចូលរូប និង ហោរមួយចំនួនទៀត បានក្លាយខ្លួនជាចិនសែស្ទើរទាំងអស់ទៅហើយ។ នៅប៉ុន្មានថ្ងៃចុងក្រោយនេះគឺជាថ្ងៃជិតដល់ពេលចូលឆ្នាំចិន និង សែនដកជើងធូប ស្រាប់តែឮចិនសែខ្លះថាថ្ងៃសែនមិនត្រូវពាក់អាវពណ៌នេះ ពណ៌នោះ គ្រូខ្លះថាហាមពណ៌ក្រហម ពណ៌មាសពណ៌លឿង។ល។ ហើយឱ្យពាក់ពណ៌ខ្មៅពណ៌ខៀវ សូម្បីតែរបស់សែនក៏ឱ្យលាភពណ៌ខ្មៅ ឬ ខៀវដែរ។
ខ្ញុំគិតថាគ្រូច្រើនពេក ខ្មែរខ្សែស្រឡាយចិនប្រហែលកំពុងវង្វេងហើយមិនដឹងថាធ្វើអ្វីឱ្យត្រូវនោះឡើយ។ សម្រាប់ខ្ញុំសូមជម្រាបបងប្អូនដែលជាខ្មែរសែស្រឡាយចិន (កាត់ចិន) គួរមើលទៅទំនៀមទម្លាប់វិញទើបមិនច្របូកច្របល់។ ប្រពៃណីជនជាតិចិនគឺពណ៌ក្រហមជាពណ៌តំណាងឱ្យជ័យជំនះ ពណ៌ដែលអាចកម្ចាត់ឧបទ្រពទាំងឡាយបានហើយសត្វនៀនក៏ខ្លាចពណ៌ក្រហមនេះដែរ។ ដូច្នេះការសែនដកជើងធូបក្ដី សែនចូលឆ្នាំក្ដី ពណ៌ក្រហមជាពណ៌ល្អបំផុត ហើយពណ៌លឿងជាពណ៌ផ្កាអង្គារសីលគឺជាដើមឈើដែលជនជាតិចិនមិនអាចអត់បាននៅក្នុងឱកាសចូលឆ្នាំចិន។ ដូច្នេះចូរសម្លឹងមេីលទៅទំនៀមទម្លាប់កុំសម្លឹងទៅមេីលហោរាច្រេីនពេក ព្រោះពេលនេះជាពិធីបុណ្យប្រពៃណីមិនមែនបុណ្យហោរាទេ»។
លោក អុឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ និង ជាទីប្រឹក្សាអមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ បានបន្តបកស្រាយយ៉ាងច្បាស់ៗទៀតថា ៖
«បើនិយាយពីតារាចរដែលភាសាអង់គ្លេសថា (Flying Star) នៅថ្ងៃ ៣១ ខែមករា ដែលជាថ្ងៃចូលឆ្នាំ និង រហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ ២០២២ តារាចរ (Flying Star) ឋិតនៅកណ្ដាលផ្ទះគឺជាតារាលេខ ៦ មិនទាន់ដល់វេនតារាលេខ ៥ លឿងឡើយ លុះត្រាដល់ថ្ងៃទី ៤ ខែកុម្ភៈវេលាម៉ោង ៤ ម៉ ៥៨ នាទីទៀបភ្លឺ ទើបតារាលេខ ៥ លឿងរំកិលចរចូលមកឋិតនៅកណ្ដាលផ្ទះ។
ប្រហែលលោកហោរាមួយចំនួនអាចគណនាខុស ដែលយល់ថាថ្ងៃ ៣១ មករា ២០២២ ដែលជាថ្ងៃសែនចូលឆ្នាំចិនថា តារាចរលេខ ៥ លឿងរំកិលមកឋិតនៅកណ្ដាលផ្ទះយ៉ាងដូច្នេះ ហេីយបែរជាហាមការសែនចូលឆ្នាំចិន នូវពណ៌ក្រហម និង ពណ៌លឿងនោះ។ តារាលេខ ៦ ជាធាតុមាស ធាតុមាសគាំទ្រដោយធាតុដី ឬ ដោយធាតុតារាខ្លួនឯងគឺធាតុមាសក៏បាន។
ដូច្នេះសម្រាប់បងប្អូនខ្មែរសែស្រឡាយចិនដែលមានជំនឿលើហោរានោះ នៅតែត្រូវការប្រើប្រាស់ក្នុងការសែនចូលឆ្នាំចិននៅថ្ងៃ ៣១ ខែមករា ២០២២ នៅតែត្រូវប្រើពណ៌ក្រហម ពណ៌លឿងបានល្អប្រសើរឥតមានអ្វីខុសទាស់អ្វីឡេីយ។ ហើយនៅរក្សាប្រពៃណីទំនៀមទម្លាប់បានទៀតផង។ តែយ៉ាងណាក៏ដោយការរក្សាប្រពៃណីទំនៀមទម្លាប់របស់យើងវាជាការប្រសើរបំផុត។ ជឿហោរខ្លាំងពេកបាត់បង់ប្រពៃណីទំនៀមទម្លាប់ដែលដូនតាបន្សល់ទុករាប់ពាន់ឆ្នាំមកហេីយ។
ម្យ៉ាងទៀតបេីជំនឿហុងស៊ុយឈានដល់កំពូលដូច្នេះ តាមតារាសាស្ត្រ តារា ៥ លឿងឆ្នាំ ២០២២ នេះរំកិលចរចូលកណ្ដាលផ្ទះ កណ្ដាលទីតាំងផ្សេងៗ។ ពណ៌លឿង ពណ៌ក្រហមជាពណ៌ស៊យ ពណ៌មិនល្អ តិចលោដល់ចូលឆ្នាំខ្មែរ គេថាតារា ៥ លឿងចរចូលកណ្ដាលវត្ត កណ្ដាលព្រះវិហារ កណ្ដាលកុដិនោះមិនវីវរធំហេីយទេឬ។ តេីពុទ្ធបរិស័ទហ៊ានទៅបង្សុកូលឧទ្ទិសកុសលជូនបុព្វការទេ ហ៊ានយកចង្ហាន់ទៅប្រគេនព្រះសង្ឃទេ ហ៊ានដាក់ចង្ហាន់ព្រះសង្ឃទេ។ តេីព្រះសង្ឃគួរគ្រងចីវរពណ៌លឿងបានទេ។ ចឹងព្រះសង្ឃមិនស៊យទាំងអស់ហេីយទេឬ។ សូមពិចារណាផងចុះ»៕