កៀកថ្ងៃសែនចិន អ្នកគ្រូណាលី ប្រាប់ពីវិធីសែនយកហេង តែសម្រាប់ផ្ទះបែរមុខខុសទិសត្បូងហាមដុតផាវឱ្យសោះ
ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ដែលតែងតែប្រារព្ធឡើងជារៀងរាល់ ១ ឆ្នាំម្ដង ដែលមានរយៈពេល ៣ ថ្ងៃ។ ដោយឡែក នៅកម្ពុជាវិញគេកត់សម្គាល់ឃើញមានអ្នកជាប់សែស្រឡាយចិន និង អ្នករកស៊ី ព្រមទាំងជនជាតិចិនកំពុងរស់នៅមួយចំនួន តែងបាននាំគ្នាចូលរួមប្រារព្ធពិធីបុណ្យនេះ មិនដែលខានឡើយ។
យ៉ាងណាមិញ កៀកថ្ងៃបុណ្យសែនចិនដែលនឹងខិតជិតមកដល់ អ្នកគ្រូណាលី ដែលគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូបនៅកម្ពុជា បានចែករំលែកនូវវិធីសែនយកហេងចូលឆ្នាំចិន ឆ្នាំ ២០២៣។
ជាក់ស្ដែង អ្នកគ្រូបានចែករំលែកឱ្យដឹងថា នោថ្ងៃសែន ទី ២១ ខែមករា ឆ្នាំ ២០២៣ សម្រាប់មុខផ្ទះបែរទិសត្បូង ៖
– សែនក្នុងចន្លោះម៉ោង 07:40am-11:00am
– អាចសែននៅខាងមុខផ្ទះក៏បាន ឬនៅខាងក្នុងផ្ទះ ដែលស្ថិតនៅហ្សូនខាងត្បូងនៃផ្ទះក៏បាន
– ត្រូវបើកភ្លើងក្នុងផ្ទះឱ្យភ្លឺ រួចស៊ឹមសែន
– អាចប្រើទៀនក្រហមក៏បាន ឬលឿងក៏បាន ហើយព្យាយាមដុតទៀនឱ្យបានយូរ (ប៉ុន្តែសូមឧស្សាហ៍ពិនិត្យមើលទៀនផង)
– ឈរអុជធូបបែរមុខទៅត្បូង
– កម្រាលតុអាចប្រើពណ៌ក្រហមក៏បាន ឬពណ៌លឿងក៏បាន
– ផ្លែឈើអាចលាយចម្រុះពណ៌គ្នា
– ករណីពិសេស ៖ បើរាសីត្រូវការធាតុដី អាចយកដុំថ្មគោះនឹងដុំថ្ម នៅខាងមុខផ្ទះបែរត្បូងរយៈពេល ៤០ នាទីបាន។
ដោយឡែក សម្រាប់មុខផ្ទះបែរខុសពីទិសត្បូង ៖
– អាចសែនក្នុងម៉ោង 09:30am-11:00am
– បើទីជូអៀរស្ថិតនៅកណ្តាលផ្ទះ ហាមមានលោហៈ ឬកាក់ចិន ពីព្រោះតារាសាស្ត្រលេខ 4 ចរចូល ដូចនេះ នៅទីជូអៀរអាចដាក់ដើមរាសីក្នុងថូមានទឹក (ថូពណ៌ទឹកប៉ិច ខ្មៅ ឬថ្លា) ដោយដាក់រាសី 4 ដើម ឬ9ដើម នៅសងខាងទីជូអៀរ
– ប្រើទៀនក្រហម
– យើងត្រូវសែននៅកណ្តាលផ្ទះ ហើយអាចដាក់ដើមរាសី 9 ដើម អមជាមួយផ្កាពណ៌ក្រហម ក្នុងថូតែមួយបាន
– កម្រាលតុពណ៌បៃតង
– អង្គុយសែនបែរមុខទៅទិសដែលយើងត្រូវការរៀងៗខ្លួន បើអ្នកមិនមានថ្ងៃកំណើត អាចអង្គុយបែរមុខទៅត្បូងបាន
-ហាមដុតផាវ៕
ប្រភព ៖ Master Naly Fengshui