ឆ្នាំទាំង ១២ គួរដឹង! គ្រូចិនសែ ម៉ុង ប្រាប់ពីរាសីឆ្នាំទាំង ១២ មានឡើងមានចុះក្នុងខែសីហា ហើយនេះជារបៀបកែកុន
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និងគ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម។
ថ្មីៗនេះផងដែរ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាព តាមរយៈការចែករំលែកចំណេះដឹងហុងស៊ុយ និងរឿងរ៉ាវអមនុស្សដ៏ល្បី បានចែករំលែកនូវរឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង និងរបៀបកែកុន ក្នុងខែសីហានេះ ដែលជាខែទី ៨ នៃឆ្នាំទាំង ១២ ដែលមានដូចតទៅ ៖
១. ឆ្នាំជូត
សូមប្រុងប្រយ័ត្នជាមួយដៃគូប្រកួតប្រជែងក្នុងជីវិតអ្នក មិនថាអ្នករកស៊ី ឬមិត្តភក្ដិ ឬមនុស្សដែលអង្គុយច្រណែនអ្នកនោះទេ។ ស្ថានភាពសុខភាពក៏មិនសូវល្អប៉ុន្មានដែរក្នុងខែនេះ ស្មារតីរបស់អ្នកណាឆាប់ងាយរងផលប៉ះពាល់ពីមជ្ឃដ្ឋានខាងក្រៅខ្លាំង។ ទាក់ទងការងារ អាចមានការផ្ទេរមុខតំណែងថែមទៀតផង ដូចនេះសំងំធ្វើការងារឱ្យតែស្រួលបួលទៅបានហើយណា។
ដំណោះស្រាយ៖ គួរឧស្សាហ៍ងូតទឹកក្ដៅអ៊ុនៗឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។
២. ឆ្នាំឆ្លូវ
រាសីរបស់អ្នកប្រែប្រួលចុះឡើងមិនសូវទៀងនោះទេ ក្នុងខែនេះ ដូចនេះបើសិនជាអ្នកចង់ឲ្យរាសីអ្នកប្រែជាល្អ សូមអ្នកព្យាយាមគិតរឿងវិជ្ជមានឱ្យបានច្រើន ហើយអ្នកអាចមានសិទ្ធិជោគជ័យត្រឹម ៣ ការងារតែប៉ុណ្ណោះ តែបើសិនជាអ្នកគិតតែពីរឿងអ្នកដទៃ អង្គុយនិយាយដើមអ្នកដទៃ រាសីអ្នកប្រាកដជាធ្លាក់ ហើយអាចជួបខ្មោចលងទៀតផង ដោយសាររាសីធ្លាក់ខ្លាំងពេក។
ដំណោះស្រាយ៖ ព្យាយាមរកគ្រឿងអលង្ការ មែនទែនក៏បាន គ្រឿងកាលៃក៏បានដែរ ឱ្យតែមានជាប់ខ្លួន គឺអាចសម្រួលបានខ្លះ។
៣. ឆ្នាំខាល
ក្នុងខែនេះ រាសីអ្នកអាចធ្វើឱ្យអ្នកងាយងប់ជាមួយឪកាស ឬទង្វើល្អរបស់អ្នកដទៃ ខុសប្លែកពីធម្មតា អ្នកត្រូវប្រយ័ត្នឱ្យបានខ្ពស់ ព្រោះនេះជាអន្ទាក់របស់អ្នកដទៃកំពុងរៀបចំសម្ដែងបោកប្រាស់អ្នកតែប៉ុណ្ណោះ រឹតតែប្រយ័ត្នជាមួយដៃគូស្នេហា ដែលអាចរងគ្រោះធំ នាំឱ្យខូចមុខមាត់។ សូមប្រយ័ត្នការបោកប្រាស់ ឬក្នុងរូបភាពកេងចំណេញពីអ្នកដទៃគ្រប់រូបភាព។
ដំណោះស្រាយ៖ យកផ្កាក្រហម ស្រស់ចំនួន ៥ ផ្កា ជាមួយអង្ករ ៣ ក្ដាប់ ក្នុងទឹក១ធុង ងូតឱ្យចំម៉ោង ១២ ថ្ងៃត្រង់ អាចងូតក្នុងបន្ទប់ទឹកក៏បាន ងូតនៅក្រៅផ្ទះក៏បាន។
៤. ឆ្នាំថោះ
ខែនេះរាសីល្អគួរសម មានឪកាសច្រើន សូមព្យាយាមចាប់ឪកាស ប៉ុន្តែសុខភាពមិនសូវល្អនោះទេ រាងកាយក៏មិនស្រួល ផ្លូវចិត្តក៏មិនស្រួល។ ដើម្បីមានលទ្ធភាពចាប់ឪកាសល្អ មិនថាមានរឿងអ្វីក៏ដោយ សូមរក្សាចរិយាវិជ្ជមានឱ្យបានជាមុនសិន។ បើ់សិនជាអារម្មណ៌អ្នកមិនសូវមានសុវត្ថិភាព សូមបន្ថយដៃធ្វើការងារ ហើយអាចយករឿងទាំងនោះទៅប្រឹក្សាជាមួយគ្រួសារ ឬមិត្តភក្ដិដែលទុកចិត្តបាន។
ដំណោះស្រាយ៖ ព្យាយាមហូបទឹកត្រជាក់ៗឱ្យបានច្រើន ដើម្បីបំពេញធាតុទឹក (បញ្ជាក់ធ្វើតែក្នុងខែនេះទេណា)។
៥. ឆ្នាំរោង
រាសីអ្នកមិនសូវល្អប៉ុន្មាននោះ អាចនិយាយថា ល្អដោយរឿង មិនល្អដោយរឿង ខែនេះអ្នកអាចទទួលភាពសោកសៅច្រើនខុសធម្មតា អ្នកអាចទទួលដំណឹងពីការស្លាប់បាត់បង់ជីវិតរបស់អ្នកជុំវិញខ្លួន។ មួយទៀត អ្នកឆ្នាំរោងដែលកំពុងមានបញ្ហាសុខភាពជាពិសេស ពាក់ព័ន្ធជាមួយមហារីក ដុំសាច់ មុនសម្រេចធ្វើការវះកាត់នានា សូមប្រឹក្សារបស់អ្នកល្អបំផុត។
ដំណោះស្រាយ៖ សូមឧស្សាហ៍អុចធូបកន្លែងកុងម៉ា (បើមាន) ឬ សូមព្យាយាមរកពេលវេលាឱ្យប៉ាម៉ាក់ស្រោចទឹកលើករាសីបន្ថែម (ស្រោចទឹកនេះ សូមព្យាយាមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន)។
៦. ឆ្នាំម្សាញ់
ប្រយ័ត្នជម្លោះហិង្សាធ្ងន់ធ្ងរ អាចមានរបួស និងអាចស្លាប់ទៀតផង។ អ្នកអាចប្រែប្រួលអារម្មណ៌ខុសធម្មតា បើទប់ជាប់រួចខ្លួន បើទប់មិនជាប់គឺអាចមានរឿងក្ដីក្តាំជាមិនខាន។ អ្នកឆ្នាំម្សាញ់ ដែលកំពុងពពោះ ជាពិសេសចន្លោះពី ៣ ខែ ដល់ ៦ ខែ សូមប្រុងប្រយ័ត្ន ការឡើងចុះជណ្ដើរ ជាពិសេសកាំជណ្ដើរដែលមានចំនួន គូ។ សិក្សាពីសម្ដីរបស់ខ្លួនឯងផង ដើម្បីបង្ការការខុសព្រោះសំដីផងដែរ។
ដំណោះស្រាយ៖ សូមយកខោអាវ + ស្បែកជើង ចំនួន ១ ឈុត ចែកដល់អ្នកក្រីក្រឱ្យបានម្នាក់ ដោយផ្ទាល់ដៃ ឬ សូមព្យាយាមទៅបរិច្ចាកឈាម ឬ សូមយកស្លឹកទទឹម លាយទឹក១ធុង ងូតឱ្យបានច្រើនដងកាន់តែល្អ ពេលយប់មុនគេង។
៧. ឆ្នាំមមី
រាសីអ្នកក្នុងខែនេះ អាចទាញអ្នកឱ្យសម្លឹងមើលឃើញពិភពលោកខាងក្រៅចេញជាពណ៌ផ្កាឈូកទាំងអស់ (ពណ៌ផ្កាឈូក = ល្អគ្រប់យ៉ាង ) ដែលនេះងាយឱ្យអ្នកឆាប់ប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង។ តែល្អវិញ ត្រង់ថាការងាររាល់ទាំងឡាយណាដែលកំពុងស្ទះខ្លាំង បើអ្នកដាក់ចិត្តដោះស្រាយ គឺអាចមានអ្នកជួយជ្រោមជ្រែងឱ្យអ្នករួចផុតពីបញ្ហាទាំងនេះបាន។ ជីវិតស្នេហា គឺមានភាពល្អប្រសើរ មានបញ្ហាក្នុងគ្រួសារអាចដោះស្រាយបាន អ្នកនៅលីវ អាចជួបមនុស្សដែលគេចង់ញ៉ែអ្នក ព្រមមិនព្រមលើបេះដូងអ្នកហើយ។
ដំណោះស្រាយ៖ ធ្វើបុណ្យ ធ្វើរឿងល្អៗ ឱ្យបានច្រើន គឺបានហើយ។
៨. ឆ្នាំមមែ
រាសីអ្នកកំរិតមធ្យម ខែនេះប្រុងប្រយ័ត្នការគ្រប់គ្រងលុយកាក់បន្តិច មើលៗមុខរបរដែលទើបបង្កើតថ្មីផង ព្រោះបើមិនយកចិត្តទុកដាក់ទេ អ្នកអាចបាត់បង់ ឬខាតបង់លុយកាក់ ១ ទំហឹង។ អ្នកអាចរវល់ខ្លាំងជាមួយការងារទាំងអស់នេះ ដូចនេះបើអ្នកមិនចេះផ្លាស់ប្ដូរអារម្មណ៏ទេ រៀបចំផ្លូវចិត្ត និងគ្រប់គ្រងអារម្មណ៌របស់អ្នកឱ្យបានល្អ។ សូមប្រុងប្រយ័ត្នសុខភាពរបស់អ្នកផងដែរ។
ដំណោះស្រាយ៖ សូមធ្វើបុណ្យចូលរួម ចូលរួមការកសាងនានា យ៉ាងហោច ស៊ីម៉ង់១បាវ ក៏បានដែរ។
៩. ឆ្នាំវក
រាសីខែនេះ ល្អគួរសម បញ្ហាទំនាក់ទំនងស្នេហានានា នៅតែអាចទទួលបានលទ្ធផលល្អប្រសើរ ទោះពេលនេះអ្នកកំពុងប្រឈមបញ្ហាស្នេហាក៏ដោយ សូមតាំងចិត្តដោះស្រាយផងដែរ។ ឪកាសល្អក្នុងការធ្វើដំណើរការអាជីវកម្មអ្នក គឺមានភាពល្អប្រសើរ ។ ក្នុងខែនេះ អ្នកអាចជួបមនុស្សថ្មីៗច្រើន សូមអ្នកសំលឹង និងរាប់អានមនុស្សដែលអ្នកគិតថាអាចរាប់បាន ឱ្យបានច្រើនផង។
ដំណោះស្រាយ៖ សូមធ្វើល្អ និងទង្វើល្អ ឱ្យបានច្រើន គឺបានហើយ។
១០. ឆ្នាំរកា
រាសីរបស់អ្នក មិនសូវល្អនោះទេ ប្រយ័ត្នលើការចាយវាយ ខែនេះអ្នកអាចទទួលបានតែលាភតូចៗច្រើន។ ប្រយ័ត្នសម្ដីញុះញង់របស់អ្នកដទៃ ដែលព្យាយាមនិយាយឱ្យអ្នកឆេះ ហើយបែកបាក់ផ្ទៃក្នុងក្រុមការងារ និងគ្រួសារខ្លួនឯង។ អ្នករកា សូមប្រុងប្រយ័ត្នការបែកធ្លោយ រូបភាព ឬវីដេអូ ដែលអាចធ្វើឱ្យអាមាស់មុខ។ អ្នកអាចត្រូវបានជួបរបស់ខាកចិត្តច្រើន ជួនកាលត្រឹមតែចូលហូបគុយទាវ ១ ចាន ក៏អាចជួបរឿងខកចិត្តដែរ។ ត្រូវធ្វើចិត្ត និងត្រៀមចិត្តផង។
ដំណោះស្រាយ៖ សូមព្យាយាមបំពេញធាតុដី ដោយហូបអាហារមើម ឱ្យបានច្រើន ( ធ្វើតែខុសនេះទេ )។
១១. ឆ្នាំច
រាសីក្នុងខែនេះល្អ សូមគិតពីខ្លួនឯងឱ្យបានច្រើន អ្នកដែលមានជំនាញក្នុងខ្លួន ហើយកំពុងគិតថាចង់យកជំនាញនោះបើកជាអាជីវកម្ម សូមប្រញាប់គិតគូរ។ (តែប៉ុណ្ណឹងទេ ព្រោះមិនមានរឿងធំទេ) តែកុំឮអ៊ីចឹង អាងខ្លួនធ្វើអីមិនគិត គឺអាចខុសតាមហ្នឹងដូចគ្នា។
ដំណោះស្រាយ៖ ធ្វើល្អ ធ្វើបុណ្យតាមវត្តអារាម ឧស្សាហ៍អុចធូបជំនាងផ្ទះ គោរពថ្វាយព្រះ ជាល្អគ្រប់គ្រាន់ហើយ។
១២. ឆ្នាំកុរ
ជាទូទៅរាសីក្នុងខែនេះ មានល្អ មានអាក្រក់ សូមយកបញ្ហាដែលកំពុងប្រឈមមកដាក់ចំពោះមុខ ហើយគិតថា បញ្ហាងាយស្រួលដោះ ដោះអាហ្នឹងមុន ហើយដៃម្ខាងទៀត សូមធ្វើការងារដែលកំពុងដំណើរការល្អក្នុងដៃ ឱ្យល្អជាងមុនបន្ថែមទៀតបង អ្នកធ្វើការជួររដ្ឋាភិបាល អាចមានឪកាសការងារល្អជាងមុន។ ល្អមួយទៀតត្រង់ថា រាលបញ្ហាទាំងអស់ដែលជួបក្នុងខែសីហានេះ ឱ្យតែអ្នកកុំអំនួតដាក់មនុស្សជុំវិញខ្លួន អាចដោះស្រាយបាន និងទទួលជ្រោមជ្រែងពីអ្នកដែលល្អ ទោះបីត្រូវចាយលុយខ្លះក៏ដោយ។ សុខភាពក៏ត្រូវប្រុងប្រយ័ត្នផលដែរ។
ដំណោះស្រាយ៖ សូមព្យាយាមហូបប្រភេទគ្រាប់សណ្ដែក ឱ្យបានច្រើនតាមដែលធ្វើទៅបាន៕
ដកស្រង់ពី ៖ ហុងស៊ុយ