តាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោក ដូណាល់ ត្រាំ ដែលទើបតែធ្វើពិធីស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី បានប្រកាសនឹងដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ដោយលើកហេតុផលថា ទីភ្នាក់ងារសុខាភិបាលជាសកលមួយនេះគ្មានសមត្ថភាពអាចដោះស្រាយជំងឺរាតត្បាតជាសកល កូវីដ-១៩ រួមទាំងវិបត្តិសុខាភិបាលអន្តរជាតិផ្សេងៗទៀតបាន។
តាមរយៈការប្រកាសខាងលើនេះដែរ មានន័យថាសហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោកក្នុងរយៈពេល ១២ ខែ រួមទាំងបញ្ឈប់រាល់ការរួមចំណែកផ្នែកហិរញ្ញវត្ថុជាមួយអង្គការនេះតទៅទៀត។ គួរឱ្យដឹងថា កន្លងមកនេះ អ្នកដែលផ្គត់ផ្គង៎ផ្នែកហិរញ្ញវត្ថុធំជាងគេបំផុតទៅឱ្យអង្គការ WHO គឺសហរដ្ឋអាមេរិកនេះឯង។
តាមការលើកបញ្ជាក់របស់លោក ដូណាល់ ត្រាំ បាននិយាយថា អង្គការ WHO គឺបរាជ័យក្នុងការធ្វើសកម្មភាពដោយឯករាជ្យពីឥទ្ធិពលនយោបាយមិនសមហេតុផលរបស់បណ្ដាប្រទេសមួយចំនួនដែលជាសមាជិករបស់អង្គការ WHO ហើយបែរជាតម្រូវឱ្យអាមេរិកបង់វិភាគទានដោយអយុត្តិធម៌ ដែលមិនសមាមាត្រគ្នាទៅនឹងវិភាគទានដែលផ្ដល់ឱ្យដោយបណ្ដាប្រទេសធំៗដទៃទៀតដូចជាប្រទេសចិនជាដើម។
ថ្លែងក្នុងពិធីចុះហត្ថលេខា លោក ដូណាល់ ត្រាំ បានរៀបរាប់ថា៖ <<អង្គការសុខភាពពិភពលោកបានកេងចំណេញពីយើង គ្រប់គ្នាកេងចំណេញពីសហរដ្ឋអាមេរិក។ រឿងបែបនេះមិនគួរកើតមានឡើងទៀតទេ>>៕
ប្រភព៖ The Guardian