បុរសម្នាក់ក្នុងប្រទេសឥណ្ឌា បានលួចចូលទៅក្នុងពិធីមង្គលការក្មួយស្រីរួចលាយថ្នាំពុលក្នុងអាហារត្រៀមសម្រាប់ទទួលភ្ញៀវ ព្រោះតែខឹងមិនពេញចិត្តឱ្យក្មួយស្រីរៀបការ។ យ៉ាងណាមិញ ជាសំណាងល្អមិនមាននរណាម្នាក់រងការពុលចំណីអាហារនោះឡើយ ដោយសំណាកអាហារត្រូវបានបញ្ជូនទៅខាងមន្ទីរដើម្បីពិសោធ។
តាមសារព័ត៌មាន India Today បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតមានឡើងនៅក្នុងភូមិ Utre សង្កាត់ Kolhapur រដ្ឋ Maharashtra ប្រទេសឥណ្ឌា កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ជនបង្កជាពូត្រូវបានស្គាល់ឈ្មោះថា Mahesh Patil ជាអ្នកភូមិជាមួយគ្នា បច្ចុប្បន្នប៉ូលិសកំពុងតាមចាប់ខ្លួនពីបទបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។
តាមប៉ូលិសបានបញ្ជាក់ថា នារីជាកូនក្រមុំគឺបានចិញ្ចឹមធំធាត់ក្នុងគ្រួសាររបស់ Patil ហើយថ្មីៗនេះ នាងបានចាប់ចិត្តចាប់ថ្លើមជាមួយបុរសម្នាក់ក្នុងភូមិ រហូតចុងក្រោយឈានដល់ចាប់ដៃគ្នារៀបការនេះ។ យ៉ាងណាមិញ Patil ដែលជាពូគឺមិនពេញចិត្តនឹងមង្គលការរបស់ក្មួយស្រីខ្លួនឡើយ ហើយដោយខឹងហាមឃាត់ក្មួយមិនបាន រូបលោកក៏បានចូលក្នុងពិធីមង្គលការរួចលាយថ្នាំពុលក្នុងអាហារដែលត្រៀមទុកសម្រាប់បម្រើភ្ញៀវ។ ភ្លាមៗក៏មានអ្នកប្រទះឃើញ ហើយក៏បានព្យាយាមបញ្ឈប់ និង ចាប់ខ្លួន Patil ប៉ុន្តែក្រោយមកជនបង្កនៅតែអាចគេចខ្លួនបាន៕
ប្រភព៖ Kenh14