នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃទិវាជាតិអ្នកនិពន្ធលើកទី ១ ដែលក្នុងថ្ងៃនេះសមាគមអ្នកនិពន្ធខ្មែរ ក៏មានការរៀបចំពិធីប្រកាសពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២៤ និង ដំណើរទស្សនកិច្ចសិក្សាសមាគមអ្នកនិពន្ធ ខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដែលប្រារព្ធទៅនៅសណ្ឋាគាកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្នុងពិធីប្រកាសពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២៤ នេះផងដែរ ម្ចាស់ជ័យលាភីប្រលោមលោកខ្នាតខ្លី លេខ ១ ដែលទទួលបានពានមាស គឺជាម្ចាស់ស្នាដៃប្រលោមលោកខ្នាតខ្លីរឿង «ដើមពុទ្រា ឧត្តមា» អ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង។
សូមរំឭកផងដែរថា មុននឹងទទួលបានពានរង្វាន់ជាហូរហែ ជំហានក្នុងការចាប់ផ្ដើមរបស់អ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង គឺចាប់ផ្ដើមឡើងពីការចូលចិត្តការអាន ពេលដែលខ្លួនរៀនថ្នាក់ទី ៦ អាយុ ១២ ឆ្នាំ ដែលកាលនោះខ្លួនបានអានស្នាដៃអ្នកនិពន្ធ ម៉ៅ សំណាង មានចំណងជើងថា «ឋានសួគ៌សាងបាប» ដោយចាប់ផ្ដើមរៀនសង្ខេបសាច់រឿងឡើងវិញដើម្បីឱ្យមិត្តភក្តិអាន។ លុះមកដល់ឆ្នាំ ២០១៨ ជាពេលដែលអ្នកនិពន្ធរូបនេះ ចេញផ្សាយស្នាដៃសៀវភៅជាលើកដំបូង ជាប្រលោមលោកខ្នាតខ្លី ៦០ ទំព័រ មានចំណងជើងថា «គ្មានថ្ងៃឈប់ស្រឡាញ់បង»។
គិតចាប់តាំងពីការបោះពុម្ពផ្សាយតាមប្រព័ន្ធឌីជីថល ម្ចាស់ជ័យលាភីលេខ ១ ប្រលោមលោកខ្នាតខ្លី ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២៤ បានចាប់អាជីពជាអ្នកនិពន្ធខ្ទង់ ១០ ឆ្នាំមកហើយ ក្នុងនោះមាននៅលើ Digital ជិត ២០ ស្នាដៃ និង ស្នាដៃសៀវភៅបោះពុម្ពផ្សាយមាន ៤ សៀវភៅ និង ស្នាដៃចូលរួមជាមួយអ្នកនិពន្ធផ្សេងៗមួយចំនួនទៀត៕