ល្បីខ្ទរខ្ទារពេញប្រទេស លោកយាយទេព ក្នុងទេពវត្តធីតារាម ខេត្តកំពង់ឆ្នាំង ល្បីមានបារមីស័ក្តិសិទ្ធិណាស់
ប្រជាជនក្មេង ចាស់ ប្រុស ស្រីមិនថាតែអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងនោះទេ សូម្បីតែអ្នករស់នៅក្នុងក្រុងភ្នំពេញ ឬ អ្នករស់នៅតាមបណ្តាខេត្តផ្សេងៗទៀតនោះសុទ្ធតែបានដឹង និង ល្បីតៗគ្នា ពីព្រះនាមរបស់លោកយាយទេពតាំងពីយូរលង់ណាស់មកហើយ ។ ចំពោះអ្នករស់នៅក្បែរៗនោះ ក៏ដូចជាអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ពេលណាមានទុក្ខភ័យអ្វីមួយបាននាំគ្នាមករកការបន់ស្រន់សុំឱ្យលោយាយទេពជួយ ។ រីឯអ្នកដំណើរវិញនៅពេលឆ្លងកាត់វត្តយាយទេពសុទ្ធតែចូរទៅអុជធូបថ្វាយបង្គំសុំសេចក្តីសុខពីលោកយាយទេពគ្រប់គ្នា។
យើងធ្លាប់បានឮពាក្យ «យាយទេព» នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងគ្រប់ៗគ្នា ប៉ុន្តែគេនូវពុំបានដឹងអំពីប្រវត្តិនៃទីអារាមវត្តនេះឡើយ។ ដូច្នេះសូមលោកអ្នកអញ្ជើញទៅទស្សនាវត្តទេពធិតារាម ហៅ «វត្តយាយទេព» យើងទាំងអស់គ្នា ដោយគ្រាន់តែធ្វើដំណើរពីចំណតរថយន្តក្រុងកំពង់ឆ្នាំង ឆ្ពោះទៅទិសខាងជើងតម្រង់ទៅកំពង់ផែផ្សារក្រោមចម្ងាយប្រមាណជា ២ គីឡូម៉ែត្រ នៅខាងឆ្វេងដៃជាអាងទឹករដ្ឋាករទឹក។ រីឯនៅខាងស្តាំដៃគឺជាទីអារាមវត្តយាយទេព ដែលបច្ចុប្បន្នបាននឹងកំពុងតែមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។
វត្តទេពធីតារាម ហៅវត្តយាយទេពនេះ ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សង់នៅលើផ្ទៃដីទំហំ ២ ហិកតា ១៤ អា។ បើតាមឯកសារព័ត៌មានលម្អិតអំពីប្រវត្តិនៃការកកើតទីអារាមនេះ ពីព្រះចៅអធិការវត្ត ព្រះនាមជូ សុខ (បច្ចុប្បន្នសុគតហើយ) បានឱ្យដឹងថា វត្តទេព ធីតារាម ហៅវត្តយាយទេព ចាប់កើតជាទីអារាមតាំងពីឆ្នាំ ១៦៧៧ មកម្ល៉េះ គិតមកទល់ពេលនេះមានអាយុ ៣៤៦ ឆ្នាំហើយ។ ប្រវត្តិទីអារាមដែលចងក្រងដោយព្រះអង្គព្រះចៅអធិការ មានសម្អាងលើសង្ឃដីការបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបាននិមន្តមកសម្ពោធសាលាបាលី និង ចេតិយនៅវត្តយាយទេពក្នុងឆ្នាំ ១៩៦៥។
ប្រវត្តិនោះបានបង្ហាញថា កាលដើមឡើយ បរិវេណនេះគឺជាទឹកដី ជាកម្មសិទ្ធិរបស់ លោកយាយទេព ដោយកាលនោះដីមានទំហំប្រមាណជា ៥ ហិកតាកន្លះ នៅចំចំណុចទីអារាមសព្វថ្ងៃគឺជាទីទួលមួយដែលកាលពីមុនជាទីលំនៅរបស់លោកយាយទេព។ នៅលើទីទួលមានដើមពោធិមួយដើមធំ និង ព័ទ្ធជុំវិញដោយផ្ទៃទឹកល្ហល្ហាច ប្រៀបដូចសមុទ្រនៃបឹងទន្លេសាប។ ដោយលុះក្នុងជំនឿស៊ប់ទៅតាមផ្លូវព្រះពុទ្ធសាសនា លោកយាយទេព ក៏បានបរិច្ចាគដីដែលជាទីលំនៅរបស់ខ្លួនទុកធ្វើជាទ្រព្យសម្បត្តិគរុភណ្ឌ ដើម្បីផលប្រយោជន៍សាធារណៈ។ លោកយាយក៏បានផ្តួចផ្តើមគំនិតដើរកៀរគរអ្នកស្រុកឱ្យគេមកជួយកសាងព្រះពន្លាធ្វើជាទីសក្ការៈបូជាតាមផ្លូវព្រះពុទ្ធសាសនាតទៅ។
ក្រោយមកទៀតនៅទីនោះ ក៏ក្លាយជាទីអារាមមួយយ៉ាងល្អ ដោយស្មារតីលះបង់ដ៏ធំធេងក្នុងចិត្តជ្រះថ្លារបស់លោកយាយទេពលើផ្លូវព្រះពុទ្ធសាសនារួចអ្នកស្រុកក៏បានឯកភាពគ្នាដាក់ឈ្មោះវត្តនេះទៅជា «វត្តទេពធិតារាម» ហៅថា វត្តយាយទេព តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។
បើតាមសម្តីរបស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ទៀតថា ទាក់ទងដល់សេចក្តីជ្រះថ្លារបស់ លោកយាយទេព ពោលគឺក្រោយពេលគាត់ធ្វើមរណកាលទៅអ្នកស្រុកបាននិយាយតៗគ្នាថា ព្រលឹងយាយទេពបានមកសណ្ឋិតនៅនឹងដើមពោធិហើយមានចេស្តាបារមីស័ក្តិសិទ្ធិធ្វើ ឱ្យអ្នកស្រុកមានជំនឿគោរពបូជារៀងរហូតមក។ ក៏មានកវីនិពន្ធ បានចារជាទំនុកបទច្រៀងទាក់ទងនឹង បារមីយាយទេព នេះថែមទៀតផងដូចជាបទ «ចំប៉ាផ្សារលើ» ដែលច្រៀងរៀបរាបដោយអធិរាជសំឡេងមាស លោក ស៊ិន ស៊ីមុត ។
នៅបរិវេណវត្តលោកយាយទេព គេសង្កេតឃើញមានមនុស្សម្នាចេញចូលឥតដាច់ ដែលអ្នកខ្លះ បានទៅបូងសួងសុំឱ្យលោកយាយទេពជួយ អ្នកខ្លះទៅលាបំណន់ និង អ្នកខ្លះបាននាំគ្នាចូលទស្សនាវត្តលោកយាយទេពដើម្បីឱ្យមើលឃើញច្បាស់លាស់នូវទីអារាម ដែលមានឈ្មោះល្បីល្បាញមួយនេះ៕