ឮគេប្រគំភ្លេចអារក្សម្តងៗ ព្រឺផង ពើតចង់រាំផង នេះជាឫសគល់ប្រវត្តិភ្លេងអារក្ស កើតឡើងពីព្រឹត្តិការណ៍មួយនេះ
មកដល់សម័យនេះ មានមនុស្សតិចតួចណាស់ ដែលបានដឹងពីរឿងភ្លេងអារក្សថាជាភ្លេងបែបណា ឬ គេលេងដើម្បីអ្វីនោះ? ភ្លេងអារក្ស គឺជាភ្លេង ដែលគេលេងប្រគំក្នុងការបញ្ចូលខ្មោចព្រាយបិសាច អារក្ស អ្នកតា។ កាលណាមានមនុស្សឈឺ ហើយបើចង់ដឹងអំពីបុព្វហេតុនៃជំងឺ ចាស់ពីបុរាណគឺលែងភ្លេងអារក្សដើម្បីបញ្ចូលខ្មោច លៀងខ្មោច។ ក្រៅពីប្រើក្នុងការបញ្ចូលខ្មោច និង លៀងខ្មោច គេអាចប្រើក្នុងការឡើងអ្នកតាផងដែរ។
តាមការស្រាវជ្រាវរបស់ក្រុមប្រជុំទំនៀមទម្លាប់បានឱ្យដឹងថា ភ្លេងអារក្ស ឬ អារក្ខនេះ មានកំណើតមកពីក្មេងលេងបាយឡុកបាយឡ។ មានរឿងដំណាលតៗគ្នាថា នៅក្នុងភូមិមួយមានក្មេងប្រុសស្រីជាច្រើនបានប្រជុំគ្នាលេង ដោយមានអ្នកខ្លះធ្វើជាភ្ញៀវ ខ្លះធ្វើជាកូន ហើយនាំគ្នាផឹកស៊ីស្រវឹងដេកដួលស្រែកហ៊ោកញ្ជ្រៀវសប្បាយរាល់ៗថ្ងៃ។
លុះលេងយូរទៅក៏វក់លេងទាំងយប់ទាំងថ្ងៃភ្លេចបាយទឹក ដេកពួន ឪពុកម្ដាយឃាត់យ៉ាងណាក៏ពុំស្ដាប់។ ដោយឃើញហេតុចម្លែកយ៉ាងនេះ ចាស់ៗក៏នឹកថា ប្រហែលជាមានខ្មោចព្រាយអ្វីមកពង្វក់ចិត្តក្មេងទាំងនេះហើយទើបនាំគ្នាបន់ស្រន់ឡើង។ នៅពេលដែលគេនឹកនារកខ្លួន ពេលនោះខ្មោចក៏ឆ្លៀតឱកាសចូលមកសណ្ឋិតក្នុងខ្លួនក្មេងម្នាក់ភ្លាម ហើយបញ្ជាឱ្យចាស់ៗទាំងនោះរៀបសំណែន ដោយមានលេងភ្លេងថ្វាយពួកគេផង។
លុះបានផឹកស៊ីឆ្អែតស្កប់ស្កល់ហើយ ខ្មោចក៏ចាកចេញពីរូបក្មេងនោះទៅ ឯពួកក្មេងក៏ឈប់វក់លេងដូចមុនទៀត។ ចាប់ពីពេលនោះមក ចាស់ៗក៏មានជំនឿ ព្រមទាំងយកខ្មោចជាទីគោរព ទីពឹងក្នុងគ្រាមានភ័យអាសន្ន៕
ប្រភព ៖ ឯកសារស្រាវជ្រាវរបស់ក្រុមប្រជុំទំនៀមទម្លាប់