ស្អែកភ្ជុំធំហើយ! មកស្វែងយល់អត្ថន័យការអុជធូប ៣ សរសៃ ឬ ៥ សរសៃ បើចេះតែអុជៗដូចបង្ហុយផ្សែងចោល
តាមការពិតទៅការអុជធូប អុជទាន មិនមែនជាប្រពៃណីក្នុងព្រះពុទ្ធសាសនានោះ គឺជាការជះឥទ្ធិពលពីព្រហ្មសាសនា ហើយត្រូវបានប្រជាជនខ្មែរជាសានិកជនធ្វើតាមគ្នាតាំងពីដើមរៀងមក ។ តាមព្រះពុទ្ធសាសនាគ្មានប្រើទៀន ធូប ឡើយ គឺមានតែការថ្វាយផ្កា ដូចជាផ្កាឈូក ។ យ៉ាងណាក្ដីវប្បធម៌ ក្នុងការប្រើទាន ធូប ក្នុងពិធីបុណ្យប្រពៃណីផ្សេងៗបានចាក់ឬសយ៉ាងជ្រៅ ក្នុងផ្នត់គំនិតប្រជាជនខ្មែរទៅហើយ តើការអុជធូប ៣ សរសៃ ឬ ៥ សរសៃមានអត្ថន័យយ៉ាងដូចម្ដេច ?
សូមបងប្អូនមកស្វែងយល់ដូចខាងក្រោម ដែល «ប្រជាប្រិយ» បានដកស្រង់ចេញពីសៀវភៅលំអានប្រពៃណីទំនៀមទម្លាប់ខ្មែរ៖
• ការអុជធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។ ការអុជធូប ១ សរសៃ តំណាងឲ្យការរំឭកគុណគ្រូ និង តួខ្លួន។
• ការអុជធូប ៣ សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ មាតាបិតា និង គុណគ្រូ។
• ការអុជធូប ៤ សរសៃ តំណាងឱ្យធាតុទាំង ៤ (ទឹក ដី ភ្លើង ខ្យល់)។
• ការអុជធូប ៥ សរសៃ គឺបូជាព្រះទាំង ៥ អង្គ គឺព្រះកកុសន្ធេា (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និង ព្រះសិអារ្យមេត្រី (ខ្លា)។
• ការអុជធូប ៧ សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តានមាន ៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និង ថ្នាក់ក្រោមយើងបីជាន់គឺ កូនចៅ ចៅទួត និង បូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន ។
• ការអុជធូប ៩ សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង ទិសខាងលើ។
• ការអុជធូប ១១ សរសៃ តំណាងឱ្យមេត្តាធម៌ទាំង១១។
• ការអុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ ១២ ឬ គុណធាតុ។
• ការអុជធូប ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និង ព្រលឹងតូច)។
• ការអុជធូប ២១ សរសៃ គឺបូជាគុណឪពុក។
• ការអុជធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ៕