ប្រវត្តិលោកតា ឡោល ហៅ លោកតា យក្ខឡោម មេកន្ទ្រាញធំដ៏មានបារមី ប្រចាំភូមិភាគឥសាន្ត
លោកតា ឡោល ហៅ លោកតា យក្ខឡោម គឺជាមេកន្ទ្រាញធំប្រចាំភូមិភាគឥសាន្ត និង ជានិមិត្តរូបនៃមេដឹកនាំជនជាតិដើមភាគតិចរបស់កម្ពុជាតាំងពីអតីតកាល។ តាំងពីមុនរហូតដល់បច្ចប្បន្ននេះ បងប្អូនជនជាតិភាគតិចនៅក្នុងខេត្តរតនគិរីទាំងមូល តែងតែមានជំនឿទៅលើបារមីលោកតា ឡោល ជានិច្ច ដោយជារៀងរាល់ឆ្នាំពួកអ្នកស្រុកបានាំគ្នាធ្វើពិធីឡើងលោកតា ឡោល នៅក្នុងខែមិនា ជាប្រចាំ។
-ប្រវត្តិលោកតា ឡោល ឬ លោកតា យក្ខឡោម
តាមលោកការឱ្យដឹងរបស់លោកតា ភ្លេង ទុល ព្រឹទ្ធាចារ្យជាជនជាតិភាគតិចទំពួន និង ជាមេកន្ទាញបច្ចុប្បន្ន បានបញ្ជាក់ថា លោកតា ឡោល ហៅ លោកតា យក្សឡោម មានឪពុកឈ្មោះ អឿក ហៅ យក្សឡោល មានភូមិគ្រឹះនៅជិតបឹងយក្សឡោម មានភាពល្បីល្បាញខាងមន្តអាគមន៍ខ្លាំងពូកែ ម្តាយមានឈ្មោះ យាយ តូក មានកូន ២ នាក់ ប្រុសទាំង ២ នាក់ កូនបងឈ្មោះលោកតា ឡោល ហៅលោកតា យក្សឡោម ប្អូនមានឈ្មោះ អឿក មាន់។ ក្រោយពីលោកតា ឡោល ហៅ លោកតា យក្សឡោម ស្លាប់ទៅ ដោយសារតែមានភាពល្បីល្បាញខាងអគមគាថា ទើបបងប្អូនជនជាតិនៅក្នុងតំបន់គោរព និង មានជំនឿលើគាត់រហូតដល់សព្វថ្ងៃនេះ។
បច្ចុប្បន្នគេបានរៀបចំពិធីដំឡើងអាសនៈ និង រូបនិមិត្តតំណាងឱ្យលោកតា ឡោល នៅក្រោមដើមជ្រៃដ៏ធំមួយ នៅរមណីយដ្ឋានបឹងយក្ខឡោម ដើម្បីជាទីគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិចនៅខេត្តរតនគិរី និង បងប្អូនប្រជាពលរដ្ឋដែលមានជំនឿ៕
ប្រភព ៖ ប្រភពពីរដ្ឋាបាលសាលាខេត្តរតនគិរី