អាថ៌កំបាំងជំនឿ «គ្រូធ្មប់» វិជ្ជាងងឹតដ៏តក់ស្លុតក្នុងជំនឿខ្មែរបុរាណ ល្បីសាហាវមកទល់បច្ចុប្បន្ន
ពាក្យថា ធ្មប់ គឺសំដៅលើមន្តអាគម ឬ វិជ្ជាងងឹតដែលជាចំណេះដឹងបម្រើសភាវៈអាក្រក់ និង មានអនុភាពកាចសាហាវក្រៃលែង ដែលសម្តេចព្រះសង្ឃរាជជួនណាត លោកហៅថាជាមន្តអសិរពិស ប្រៀបបាននឹងវិជ្ជាដែលធ្វើឱ្យអ្នកដទៃវិនាស។ វិជ្ជាងងឹត ដែលប្រើលើរបស់វត្ថុ ត្រូវបានគេហៅថា «បញ្ចុះអាគម» ឯសកម្មភាពនៃការប្រើវិជ្ជាងងឹតលើមនុស្ស ឬ អមនុស្ស គេហៅថា «ដាក់អំពើ»។ កម្រមានអ្នកចាប់អារម្មណ៍ទៅរៀនវិជ្ជាងងឹតនេះណាស់ សព្វសាធុជនដែលរៀនមន្តវិជ្ជាយកទៅបម្រើការរស់នៅនេះ ត្រូវបានអ្នកផងហៅអ្នកនោះថា មេធ្មប់ ឬ គ្រូធ្មប់។
ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកឯកសារអប្បិយជំនឿដ៏កម្រថ្មីមួយទៀត ដែលជាចំណេះដឹងប្លែកគួរជាទីព្រឺរោមទាក់ទងនឹងសាវតារបស់អមនុស្សមួយប្រភេទមានឈ្មោះថា «អម្បូរធ្មប់»។
នៅក្នុងកម្រងឯកសារអមនុស្ស (នរវិទ្យា) សាវតាស្តីពីទំនៀមទម្លាប់ខ្មែរ ចងក្រងដោយពុទ្ធសាសនបណ្ឌិត្យ បាននិយាយពីប្រភេទគ្រូធ្មប់នៅសម័យបុរាណខ្មែរនេះចែកជា ២ មន្តវិជ្ជាធ្មប់គឺ គ្រូធ្មប់ដាក់អំពើ និង គ្រូធ្មប់ដាក់ស្នេហ៍ (គ្រូធ្មប់គំរង់)។
ដំណើរការមន្តវិជ្ជានេះ បើគ្រូធ្មប់ណាម្នាក់ ចង់ដាក់អំពើអ្នក ភាគច្រើនគ្រូធ្មប់សូត្រអាគមងងឹត បញ្ចូលទៅស្បែកន្ត្រៃ ម្ជុល ដែកគោល ឬ ស្បែកគោក្របី វាយវានឹងចង្កឹះច្រើនដង រហូតរបស់អស់នោះអណ្តែតចេញពីជើងពាន ក្រោយមកវានឹងហោះទៅឆ្ងាយ សំដៅទីដែលអ្នកស្នាក់នៅ ដោយទៅដល់កាលណាវានឹងប្រែរូបពីរបស់បញ្ចុះអាគមទៅជាប្រភេទសត្វដែលមេធ្មប់តែងប្រើរាប់ដំណគឺ សត្វកញ្ចែ ឬ សត្វរុយ រួចសត្វល្អិតនឹងហោះស្ទុយចូលបន្ទប់អ្នក ស្វែងរកអ្នក លូនចូលទៅក្នុងមាត់អ្នក ពេលអ្នកដេកលក់ សំងំក្នុងពោះអ្នក ព្រឹកបន្ទាប់សត្វនោះវានឹងវិលកាយប្រែក្លាយជាកន្ត្រៃ ម្ជុល ដែកគោល ឬ ស្បែកគោស្បែកក្របីវិញ ធ្វើឱ្យអ្នកឈឺចាប់ តាមការបញ្ជារបស់អ្នកដាក់អំពើ។
ហេតុអ្វីបានគ្រូធ្មប់ ដាក់អំពើធ្មប់?
វិជ្ជាធ្មប់ត្រូវបានគេប្រើក្រោមហេតុផលធំ ២ គឺ៖
១. គំនុំផ្ទាល់ខ្លួន ឬ មហិច្ឆតារបស់គ្រូធ្មប់
២. មានគេពឹងឱ្យដាក់អំពើធ្មប់ ឬ ជួលគ្រូធ្មប់
ហេតុអ្វីអ្នកចេះវិជ្ជាធ្មប់ ត្រូវសង្គមខ្លាចរអាខ្លាំងនាសម័យបុព្វកាល?
ចាស់បុរាណខ្មែរ លោកខ្លាចញញើតនឹងអំពើធ្មប់នេះណាស់ ជាពិសេស «គ្រូធ្មប់ប្រភេទអ្នកដាក់អំពើ» ព្រោះរាល់អ្នកដែលពាក់ព័ន្ធ ឬ ត្រូវអំពើរបស់គ្រូធ្មប់ណាមួយហើយ បើរកគ្រូណាមួយព្យាបាលមិនត្រូវឈ្មោះអាគមគេដាក់ និង ដោះអំពើទាន់ពេលទេ អ្នកនោះនឹងក្ស័យជីវិតយ៉ាងវេទនាជាទីបំផុត ព្រោះវាជាការស្លាប់ដែលលឿន គ្មានដាន និង វេទនាជាទីបំផុត គ្មានថ្នាំទេវតាណាអាចជួយទាន់ឡើយ គឺជាការស្លាប់ដែលមិនអាចគេចបាន មានតែទៅស្វែងរកគ្រូដែលមានមន្តវិជ្ជាខ្លាំងពូកែជាងគ្រូដែលដាក់អំពើយើង ឱ្យគាត់ជួយដោះឱ្យលឿនបំផុតតែប៉ុណ្ណោះ ទើបយើងអាចមានសង្ឃឹមរស់។
ប្រជាជនខ្មែរកាលសម័យបុរាណ គ្រប់គ្នាសែនភ័យបាក់ស្បាតនឹងប្រភេទធ្មប់នេះក្រៃលែង ស្របពេលដែល «ធ្មប់គំរង់» មិនចូលចិត្តធ្វើឱ្យនរណាម្នាក់ស្លាប់ទេ ផ្ទុយទៅវិញមេធ្មប់នេះរៀនវិជ្ជាដាក់ស្នេហ៍ ឬ បំបែកបំបាក់ស្នេហាគេ ហើយចូលចិត្តសាកសពមនុស្សស្លាប់ជាទីបំផុត ជាពិសេសខ្មោចដែលស្អុយរលួយវ៉ល់ចេញខ្លាញ់ និង ដង្កូវ។ រាល់សាកសពដែលស្លាប់តៃហោង គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយសត្វសាហាវខាំ ឬ សពអានាថា កប់យូរថ្ងៃហើមប៉ោងស្ពីង ប្រេះជោរហូរទឹកហើមរលួយណែនដោយដង្កូវ ក្លិនអាសោចស្អុយប្រហោងជ្រៅសុទ្ធតែខ្ទុះ ដូនតាខ្មែរតែងសម្គាល់មើលនៅពេលកណ្តាលរាត្រីស្ងាត់យើងនឹងឃើញធ្មប់នេះដើរចេញពីផ្ទះ ជាមួយចបជីក និង កាដុងច្រកទឹក ទៅគាស់ផ្នូរខ្មោចនោះ ដើម្បីរឹតពូតយកយកខ្ទិះខ្លាញ់សាកសពទាំងនោះច្រកទុកផឹក។
ចាស់ៗដំណាលថា គ្រូធ្មប់ទាំងនោះមានវិជ្ជាងងឹតខ្លាំងរហូតផឹកទឹកគំរង់សពមានរសជាតិផ្អែមដូចទឹកឃ្មុំ និង ឱជារសឆ្ងាញ់ពិសា។ ជាទូទៅធ្មប់ស្អប់សំឡេងក្មេងណាស់ ធ្មប់ខ្លះវះពោះខ្មោចស្រីពោះធំ យកកូនក្នុងផ្ទៃឆ្អើរធ្វើកូនក្រក វាជាហេតុផ្ទះគ្រូធ្មប់ ឬ គ្រូអាគម រមែងក្រោយផ្ទះមានដើមឫស្សីស្អេកស្កះ ត្រូវបានគេឃើញសង់នៅឆ្ងាយពីតំបន់ដែលមានអ្នកភូមិរស់នៅ ឬ ជាព្រៃដែលគ្មានមនុស្សទៅដល់ គ្មានសូម្បីដានកង់រទេះជិតឆ្លងកាត់ ឬ សំឡេងសត្វយំ រហូតមានពាក្យចាស់បុរាណតែងនិយាយថា ផ្ទះណាគ្មានសំឡេងក្មេងយំ ផ្ទះនោះគេហៅផ្ទះធ្មប់ ហេតុផលមិនមែនគ្រូទាំងនោះស្រឡាញ់ភាពស្ងប់ស្ងាត់ឡើយ តែមូលហេតុនោះគឺ ខ្មែរពីដើមឱ្យតែដឹងថាផ្ទះណាមានគ្រូធ្មប់ ជាពិសេសរាល់គ្រាដឹងថាអ្នកជិតខាងជាប់របងខ្លួនជាគ្រូធ្មប់ ព្រលឹមមិនទាន់ ដូនតាខ្មែរសម័យមុន នឹងរួបរួមគ្នាសាមគ្គី សែងខ្ទម រើផ្ទះ ប្រមូលរបស់របរ ជ្រូកគោមាន់ទា និរទេសភៀសកាយនាំកូនពចៅ និយាយពាក្យថាលាហើយលំនៅចាស់ យាត្រាឆ្ពោះទៅទីស្ថានសុវត្ថិភាពដោយមិនចាំបាច់មានអ្នកបង្គាប់ មិនមែនរើសអើង បុព្វហេតុដោយសារជាតិនេះអស់និស្ស័យបន្តរាប់គ្នាជាអ្នកជិតខាង។
ជាពិសេសចាស់ៗបុរាណលោកជឿថា អ្នកកាន់វិជ្ជាអាបធ្មប់នេះ មិនអាចដាំដុះអ្វីបានផ្លែផ្កាឡើយ សូម្បីតែដើមឈើហូបផ្លែក្នុងបរិវេណផ្ទះគ្រូធ្មប់ទាំងនេះ ក្រៅពីដើមឫស្សីភាគច្រើនគ្មានរស់ ឬ ចេញផ្កាអ្វីឡើយ លោកហាមកូនចៅ មិនត្រូវរាប់គ្នា ឬ ប្រវាស់ដាំដំណាំធ្វើស្រែចម្ការ ដាក់ទុនរកស៊ីដាំដុះកសិកម្មជាមួយអ្នកចេះវិជ្ជាធ្មប់នេះជាដាច់ខាត៕