ធ្លាប់ដឹងទេ! ហេតុអ្វីបានជាមាន «ព្រះអង្គដងកើ» នៅមាត់ទន្លេមុខរាជវាំង ហើយមានបារមី និង អាថ៌កំបាំងយ៉ាងណាខ្លះ?
គេមានជំនឿលើ «ព្រះអង្គដងកើ» ថា មានបារមីស័ក្តិសិទ្ធិខ្លាំងណាស់ ក្នុងចំណោមបារមីដែលមាននៅស្រុកខ្មែរ ដូចជា បារមីយាយពេញ បារមីយាយម៉ៅ បារមីព្រះស្វេតឆ័ត្រ បារមីអង្គរវត្ត ។ល។ ប៉ុន្តែយ៉ាងណាក៏ដោយ មិនថាតែរាស្ត្រនោះទេ សូម្បីតែព្រះមហាក្សត្រ និង មន្ត្រីកំពូលៗ ក៏នាំគ្នាគោរពកោតខ្លាចយ៉ាងខ្លាំងលើ បារមីព្រះស្វេតឆ័ត្រ ក្នុងព្រះបរមរាជវាំង បារមីព្រះអង្គដងកើ បារមីអង្គរវត្ត ដែលតែងតែទៅធ្វើពិធីសម្បថនៅទីនោះ។
ជាក់ស្តែង ជារៀងរាល់ថ្ងៃ មិនថាវេលាព្រឹក ឬក៏ល្ងាចនោះទេ ជាពិសេសថ្ងៃឧបោសថសីល និង បុណ្យប្រពៃណីជាតិផ្សេងៗ គេតែងតែសង្កេតឃើញមនុស្សម្នាក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកុះករបាននាំគ្នាទិញគ្រឿងសក្ការៈ និង តង្វាយរួមមាន ធូប ទៀន ស្លាធម៌ដូងខ្ចី ចេកទុំ ផ្កាឈូកក្រហម ស ថ្វាយដល់បារមីព្រះអង្គដងកើ ដើម្បីសុំសេចក្តីសុខចម្រើនត្រជាក់ត្រជុំទៅតាមជំនឿរៀងៗខ្លួន។ ចំណែកអ្នកដែលមកដើរកម្សាន្ត និង អ្នកហាត់ប្រាណក្បែរនោះ ក៏បានចូលមកបន់ស្រន់ឥតដាច់ដែរ។ ជាងនេះទៅទៀត ប្រសិនបើប៉ះចំថ្ងៃសីលវិញនោះ អ្នកមកបែរបន់ប្រជ្រៀតគ្នាសឹងតែរកច្រកចូលមិនរួចឡើយ។
ទាក់ទងទៅនឹងជំនឿស្តីពីបារមីព្រះអង្គដងកើនេះ តាមការតំណាលតៗគ្នារបស់ចាស់ទុំបានប្រាប់ឱ្យដឹងថា កាលដើមឡើយនៅចំណុចមុខព្រះអង្គដងកើនេះ ឱ្យតែរៀងរាល់រាត្រីថ្ងៃសីល ឬ ថ្ងៃពេញបូរមីគេតែងតែសង្កេតឃើញមានទង់ក្រពើអណ្តែតផុសចេញពីផ្ទៃទឹកទន្លេ រួចក៏លិចទៅវិញ ដោយផុសតែមួយភ្លែតៗប៉ុណ្ណោះ។ កាលណោះដែរ ឱ្យតែដល់យប់ថ្ងៃសីល ប្រជារាស្ត្រតែងតែនាំគ្នាទៅឈរមើល និង បួងសួងសុំសេចក្តីសុខមិនដែលខកខាននោះទេ។ ដោយសារតែរាល់ការបន់ស្រន់រមែងបានសម្រេចដូចក្តីបំណងប្រាថ្នា និង ចង់ឱ្យបារមីទង់ក្រពើនោះសណ្ឋិតនៅជារៀងរហូត ទើបប្រជារាស្ត្រក៏បាននាំគ្នាកសាងទង់មួយជានិមិត្តរូប។ ចាប់តាំងពីពេលនោះមកទីនោះ ក៏បានក្លាយទៅជាកន្លែងគោរពសក្ការៈបូជារបស់ប្រជារាស្ត្រខ្មែរ ហើយទង់ក្រពើនោះក៏លែងផុសអណ្តែតចេញពីផ្ទៃទឹកទន្លេទៀតដែរ។
ដោយឡែកមជ្ឈដ្ឋានខ្លះទៀតបាននិទានថា កាលពីដើមឡើយនៅត្រង់ចំណុចព្រះអង្គដងកើនេះ មានដើមឈើធំៗប្រជ្រៀតគ្នាស៊ុបទ្រុបមានម្លប់ត្រឈឹងត្រឈៃ ហើយក៏ជាចំណតផែសំពៅទូក កាណូតរបស់ឈ្មួញតូចធំចម្រុះជាតិសាសន៍ ខ្មែរ ចិន ចាម យួន ចេញចូលលសំចតរកស៊ីយ៉ាងច្រើនកុះករ ទើបទីនេះក៏មានឈ្មោះថាជាភូមិកំពង់ផែ ប៉ុន្តែដោយសារតែដីច្រាំងចេះតែបាក់អ្នកភូមិផ្លាស់ប្តូរទីលំនៅទៅកន្លែងទីទៃ ក៏បាត់ឈ្មោះភូមិកំពង់ផែទៅ។
ចំណែកចំណុចទួលដែលមានដើមឈើដុះស៊ុបទ្រុបម្លប់ត្រឈឹងត្រឈៃនោះ នៅរៀងរាល់ថ្ងៃសីល និង យប់ថ្ងៃពេញបូណ៌មី រមែងមានដុំភ្លើងពណ៌ក្រហម ខៀវ ហោះចេញពីចំណុចដើមឈើ (អាស្រមព្រះអង្គដងកើសព្វថ្ងៃ) ចូលទៅក្នុងបរិវេណព្រះបរមរាជវាំង និង ហោះចេញពីព្រះបរមរាជវាំងចូលមកដើមឈើនោះវិញ ដែលធ្វើឱ្យប្រជានុរាស្ត្រជឿថា ដុំភ្លើងទាំងនោះជាតំណាងឱ្យទស្សបារមីវត្ថុស័ក្តិសិទ្ធិ ចាស់ព្រឹទ្ធាចារ្យនាសម័យនោះក៏បានដឹកនាំអ្នកស្រុកសង់អាស្រមនៅត្រង់ចំណុចនោះទុកជាទីសម្រាប់ស្នាក់អាស្រ័យរបស់ទស្សបារមីដើម្បីងាយស្រួលដល់ប្រជានុរាស្ត្រ ព្រមទាំងអ្នកជំនួញធ្វើការបន់ស្រន់។
«កើ» ការពិតមិនមាននៅក្នុងវចនានុក្រមខ្មែរយើងទេ តែវាជាភាសាវៀតណាមមានន័យថា «ទង់» ប៉ុន្តែអ្នកខ្លះបែរជាយល់ថា ពាក្យ «កើ» អាចមកពីពាក្យ «កើល» មានន័យថា កល់ ឬ ខ្ពស់បំផុតហើយដងកើល គឺមានន័យថា «ដងទង់ដែលខ្ពស់បំផុត ឬ ដងទង់ទល់មេឃ» ឯមនុស្សមួយចំនួនទៀតទៅជាយល់ថា ពាក្យ «កើ» អាចក្លាយមកពីពាក្យ «កល្ប» ព្រោះដោយសារកាលណោះជនជាតិចិន ចាម យួន ដែលនិយាយភាសាខ្មែរមិនច្បាស់ ហើយពាក្យ «កល្ប» ជាភាសាសំស្ក្រឹតក្លាយពីភាសាបាលី ដែលប្រែមកជាខេមរៈភាសាថា «កាលដែលតាំងនៅយូរអង្វែង»។
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកដែលមានជំនឿចូលមកបន់ស្រន់ព្រមទាំងថ្វាយតង្វាយលាបំណន់មិនសូវដាច់ ហើយឥឡូវសូម្បីតែអ្នកមកហាត់ប្រាណក៏រមែងចូលមកអុជធូបទៀនបន់ស្រន់ផងដែរ ដែលបានក្លាយទៅជាទម្លាប់ទៅហើយ បន្ទាប់ពីពួកគេហាត់ប្រាណរួចមុននឹងត្រឡប់ទៅលំនៅដ្ឋាន៕