ស្ដាប់ទៅក៏ព្រឺសម្បុរ! មកដឹងពីការធ្វើពិធីបញ្ជាន់អារក្ស ដែលខ្មែរជាន់ដើមតែងធ្វើតរហូតដល់បច្ចុប្បន្ន
មកដល់សម័យបច្ចុប្បន្ននេះ ពិធីបញ្ជាន់អារក្ស ដែលគេហៅម្យ៉ាងទៀតថាពិធីលាងអារក្សនោះ គឺស្ទើរតែបាត់បង់អស់ទៅហើយ មានប្រជាជនតិចតួចបំផុតនៅធ្វើពិធីនេះ ដែលភាគច្រើនគឺនៅតាមតំបន់ជនបទ ស្រុកស្រែចម្ការ ឬ តំបន់ដាច់ស្រយាល។ ពិធីបញ្ជាន់អារក្ស ឬ ពិធីលាងអារក្ស គឺជាជំនឿមួយដែលមានតាំងពីបុរាណកាលមកម្ល៉េះ ដែលប្រជាជនខែ្មរនៅតំបន់ជនបទមួយចំនួន នៅបន្តរក្សាទំនៀមទម្លាប់នេះនៅឡើយ។
បើយោងតាមឯកសារនានាបានសរសេរថា ពិធីលាងអារក្សនេះ គេច្រើនតែរៀបចំធ្វើឡើងនៅពេលមានមនុស្សឈឺរាំរ៉ៃព្យាបាលមិនជា ឬ មានជំងឺសន្លប់ភ្លាមៗ ដោយគ្មានមូលហេតុច្បាស់លាស់។ ការរៀបចំពិធីនេះឡើងគឺចាំបាច់ត្រូវអញ្ជើញរូបមេមត់ អ្នកតា ឬ អ្នកស្នងរូបខ្មោចព្រាយ ដើម្បីមកបញ្ជាន់ឱ្យមកចូលសណ្ឋិត និង មានស្នំម្នាក់ ដែលជាអ្នកសួរឆ្លងឆ្លើយជាមួយខ្មោច បិសាច ដែលមកចូលសណ្ឋិតលើរូបមេមត់។
ក្នុងពិធីនោះដែរ ត្រូវមានក្រុមភ្លេងអារក្ស មកប្រគំច្រៀងអន្ទងព្រលឹងខ្មោចបិសាច ឬ អ្នកតាឱ្យចូលសណ្ឋិតលើរូបដែលស្នងនោះ។ មុនចាប់ផ្តើមពិធី គេឱ្យ អ្នកជំងឺដេកពីមុខរូបមេមត់។ ដំបូងអ្នកម្ចាស់ពិធីអុចទៀន ២ ដើម យកមកបិទភ្ជាប់នឹងគែមតោកមួយដែលមានដាក់ស្រូវអង្ករ ឬ លាចនៅក្នុងនោះផង ទើបប្រគល់ជូនឱ្យរូបមេមត់។
បន្ទាប់មកស្នំក៏បង្គាប់ឱ្យអ្នកលេងភ្លេងបទហោមរោងដែលហៅថាបទ «បទអញ្ជើញគ្រូ ឬ បទអង្ទង» ដោយមានឧបករណ៍ទ្រខ្សែបី បីអ ចាបីដងវែង សាដៀវ ស្គរដៃពី ប្រគំព្រមជាមួយបទចម្រៀងអន្ទងហៅយ៉ាងគ្រលូចដើម្បីឱ្យព្រលឹងខ្មោចព្រាយបិសាច ឬ អារុក្ខ អារក្ស អ្នកតាចូលសណ្ឋិត។ រំពេចនោះមេមត់ក៏យកដៃទាំងពីរកាន់មាត់តោកឱនស្មឹងស្មាតបិទភែ្នកបន្តិច ទើបងើបមុខឡើងស្ងាប ហើយបើកភែ្នកស្រឡះយកដៃជ្រោងសក់រួចទាញយកក្រមា ឬ ជាតីមកក្រវ៉ាត់ចងេ្កះ ឬ ជួតក្បាលហើយគ្រញែងខ្លួនពីរបីដង ដែលបញ្ជាក់ថាមានព្រលឹងខ្មោចព្រាយបិសាចចូលមកសណ្ឋិតចូលក្នុងខ្លួនមេមត់ហើយ។
ពេលនោះអ្នកស្នំក៏ចាប់ផ្តើមសួរមេមត់អំពីស្ថានភាពជំងឺ តើមានខុសមាត់ខុស-កអ្វី និង សូមអង្វរសុំជួយដកពិសដកពរឱ្យបានជាសះស្បើយឆាប់ភ្លាមទៅ ដែលមានគ្រឿងលាបំណន់ដង្វាយជាម្ហូបអាហារផ្សេងៗទៅតាមការទាមទាររបស់មេមត់។ បន្ទាប់មកមេមត់នោះ ក៏បានធ្វើពិធីស្តោះផ្លុំដល់អ្នកជំងឺ ហើយជាមួយគ្នានោះមេមត់ក៍ពោលបញ្ជា ឬ ក៏ជេរបណ្តេញរោគាជំងឺចេញពីរូបអ្នកជំងឺ ហើយចាប់អង្កររោយដាក់ក្នុងពែងដើម្បីសែនបញ្ជូនទៅឱ្យខ្មោច ព្រាយ ដែលហៅថាឱ្យចំណីព្រាយ។
នៅក្នុងពែគេដាក់ក្នុងបាយស បាយក្រហម ញាំភ្លា និង សូន្យរូបតំណាងឱ្យអ្នកជំងឺ ដែលធ្វើអំពីផេះប្រឡាក់ទឹកពូតជារូបរាងមនុស្ស អ្នកខ្លះគេយកស្រទបចេកមកជាឱ្យមានលំនាំជាមនុស្ស។ ទីបញ្ចប់ក៏គេចាប់អង្ករបាចគ្រវាសដោយពោលថា មួយពីរបីជីទៅ! ចេញទៅឱ្យអស់ទៅ! ហើយទៅឱ្យឆ្ងាយពីខ្លួនទៅ! គេពោលដដែលៗចំនួន ៣ ដង រួចពោលបន្ត ហក់ណេះខ្មោចជិតយកបាយ ខ្មោចឆ្ងាយយកអង្ករទៅ ព្រមជាមួយច្រូចទឹក រួចច្រូចស្រាផង។
រួចហើយគេក៏ឱ្យមនុស្សម្នាក់យកពែទៅដាក់ផ្ទាល់នឹងដីតាមទិសកំណត់ អ្នកយកពែទៅដាក់នោះពេលត្រឡប់មកវិញ ចាំបាច់ត្រូវបេះស្លឹកឈើមួយសន្លឹក ឬ មួយមែកកាន់មកជាមួយ ហើយឧបកិច្ចស្រែកថាយកព្រលឹងបានវិញហើយ! គេក៏យកស្លឹកឈើនោះប្រគល់ឱ្យអ្នកជំងឺគឺចាត់ទុកថាបានយកព្រលឹងមកវិញ ប្រាកដជាបានធូរស្រាលសះស្បើយចាប់ពីពេល នេះតទៅជាពុំខាន៕