ព្រឺក្បាលខ្ញាក! លេខទូរស័ព្ទមួយខ្សែ ឱ្យតែអ្នកណាប្រើដឹងតែអស់ជីវិត ចុងក្រោយត្រូវគេបិទចោលទាំងអាថ៌កំបាំង
កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់លេខទូរស័ព្ទមរណៈមួយ ត្រូវបានគេគាស់កាយយកមកចែកចាយជាថ្មី ដោយលេខមួយនេះឱ្យតែអ្នកណាប្រើសុទ្ធតែអស់ជីវិត ជាក់ស្តែងម្ចាស់ ៣ នាក់ ត្រូវស្លាប់តៗគ្នា ត្រឹមរយៈពេល ៥ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសប៊ុលហ្គារី ដោយលេខនេះជាលេខស្អាតណាស់ (0888 888 888 ) ហើយម្ចាស់ដំបូង គឺជាម្ចាស់ក្រុមហ៊ុនទូរស័ព្ទ Mobitel តែត្រូវបាត់បង់ជីវិតនៅក្នុងអាយុ ៤៨ ឆ្នាំ ក្នុងឆ្នាំ ២០០១ ដោយសារតែជំងឺមហារីក។
ក្រោយមកលេខមួយខ្សែនេះ ក៏បានធ្លាក់ទៅដល់ដៃរបស់មេក្រុមម៉ាហ្វៀមួយរូប ដែលចុងក្រោយរូបគេត្រូវបានបាញ់សម្លាប់ក្នុងឆ្នាំ ២០០៣ នៅវ័យ ៣១ ឆ្នាំ ខណៈកំពុងតែធ្វើដំណើរទៅជួញដូរថ្នាំញៀននៅប្រទេសហូឡង់។ ដោយឡែក ម្ចាស់លេខចុងក្រោយក៏បានទៅលើអ្នកជំនួញម្នាក់ ដែលក្រោយមកក៏ត្រូវបានគេលួចបាញ់សម្លាប់ដូចគ្នា នៅហាងអាហារមួយកន្លែង ក្នុងឆ្នាំ ២០០៥។
យ៉ាងណាមិញ តាំងពីពេលនោះមក លេខមួយខ្សែនេះក៏ត្រូវប៉ូលិសយកទៅត្រួតពិនិត្យទាំងការហៅចេញហៅចូលទាំងអស់ ហើយក្រោយមកខាងក្រុមហ៊ុន Mobitel ក៏បានសម្រេចចិត្តបិទលេខនេះចោល ដោយមិនបានបញ្ជាក់ពីព័ត៌មានឱ្យបានច្បាស់លាស់ឡើយ៕
ប្រភព ៖ Khaosod