កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ពលរដ្ឋឥណ្ឌាដែលកាន់សាសនាហិណ្ឌូប្រមាណជិត ១៥ លាននាក់បាននាំគ្នាសម្រុកទៅចូលរួមពិធីសាសនាដ៏ធំបំផុតមួយប្រចាំប្រទេសហៅថា «Maha Kumbh Mela» ដើម្បីងូតទឹកទន្លេទោះក្នុងអាកាសធាតុដ៏ត្រជាក់ព្រោះតែជំនឿសាសនាថាជួយលាងជម្រះបាប។ នេះត្រឹមតែថ្ងៃទីមួយនៃពិធីប៉ុណ្ណោះ ឃើញថាមានមនុស្សសម្រុកមកចូលរួមលើសពីការរំពឹងទុករហូតដល់ទៅ ៦ ដង។
ពិធីបុណ្យ Maha Kumbh Mela ឬ Great Pitcher Festival គឺប្រារព្ធធ្វើឡើងរាល់ ១២ ឆ្នាំម្ដង ហើយឆ្នាំនេះពិធីបុណ្យបានប្រារព្ធធ្វើឡើងនៅក្រុង Prayagraj នាភាគខាងជើងរដ្ឋ Uttar Pradesh បានទាក់ទាញអ្នកទេសចរទាំងឥណ្ឌា និង បរទេសរហូតដល់ជាង ៤០០ លាននាក់ឱ្យចូលរួមទស្សនា។
ជាការឆ្លើយតបនឹងការចូលរួមពីសំណាក់មនុស្សយ៉ាងច្រើនកកកុញនេះដែរ ឥណ្ឌាក៏បានពង្រាយកងកម្លាំងប៉ូលិសរហូតដល់ ៤ ម៉ឺននាក់ រួមទាំងបំពាក់នូវកាមេរ៉ាសុវត្ថិភាពទំនើបភ្ជាប់ជាមួយបច្ចេកវិទ្យា AI ដើម្បីការពារធានាសុវត្ថិភាពមនុស្សនៅទីតាំងប្រារព្ធពិធីផងដែរ។ បន្ថែមពីនេះ ខាងអាជ្ញាធរក៏បានរៀបចំតង់តាមមាត់ទន្លេប្រមាណជា ១៥ ម៉ឺនតង់ រួមមកជាមួយរោងបាយចំនួន ៣ ពាន់ បន្ទប់ទឹកចំនួន ១៤៥ ០០០ និង កន្លែងចតយានយន្តចំនួន ៩៩ ទីតាំង៕
ប្រភព៖ CNA