កម្មករសំណង់នៅប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការជីកគ្រឹះសាងសង់រួចរាល់នៃអគាររាងគូបដែលជាអគារធំជាងគេបំផុតលើពិភពលោក អាចដាក់មនុស្សបានរហូតដល់រាប់សែននាក់។
កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មាន New Atlas បានចេញផ្សាយថា អគារ Mukaab ដែលជាអគាររាងគូបស្ថិតនៅទីក្រុង Riyadh មានទំហំធំជាងគេបំផុតលើពិភពលោក កំពុងតែដំណើរការសាងសង់ហើយ។ អគារនេះដែរគ្រោងនឹងសាងសង់ឡើងក្នុងកម្ពស់ ៤០០ ម៉ែត្រ និង បណ្ដោយ និង ទទឹងប្រវែង ៤០០ ម៉ែត្រដូចគ្នា សាងសង់ចេញជារាងគូបដែលជាអគារដ៏ធំទូលាយបំផុតអាចដាក់មនុស្សរហូតដល់រាប់សែននាក់ឯណោះ។
ផ្នែកខាងក្រៅនៃអគារច្នៃឡើងដោយបំផុសគំនិតតាមស្ថាបត្យកម្មបែបប្រពៃណីអ៊ីស្លាម ខណៈផ្នែកខាងក្នុងមានផ្ទៃក្រឡាប្រមាណជា ២ លានម៉ែត្រការ៉េ។ នៅកណ្ដាលអគារដ៏ធំមួយនេះក៏មានអគារមួយទៀតរាងរមួលដូចគូទខ្យង។ គិតមកត្រឹមពេលនេះ ដំណើរការជីកកកាយគ្រឹះត្រូវបានបញ្ចប់រួចរាល់ហើយ។ ដំណើរការទាំងមូលទាមទារឱ្យមានការប្រើប្រាស់ឡានអេស្កាវ៉ាទ័រចំនួន ២៥០ គ្រឿង រួមជាមួយឧបករណ៍ជា ៤០០ ប្រភេទទៀតត្រូវប្រើប្រាស់ប្រចាំថ្ងៃ ហើយគិតត្រឹមពេលនេះដំណើរការសាងសង់បានចំណាយពេលអស់សរុបប្រមាណ ៣ លានម៉ោងហើយ។ បន្ថែមពីនេះ ស្ពានមួយក៏ត្រូវបានសាងសង់ឡើងផងដែរដើម្បីជួយសម្រួលដល់ដំណើរការសាងសង់ឱ្យមានភាពរលូន។
គួរបញ្ជាក់ដែរថា ជាមួយកម្មករបំពេញការងារនៅការដ្ឋានសរុបចំនួន ៩០០ នាក់ ដំណើរការសាងសង់អគារនេះក៏នឹងធ្វើឡើងបានឆាប់រហ័សផងដែរ។ ដូចនេះហើយ អគារ Mukaab ដ៏ធំជាងគេនេះនឹងរំពឹងថាសាងសង់រួចរាល់ជាស្ថាពរត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ៕
ប្រភព៖ VN Express