ខេត្តបាត់ដំបង ជាខេត្តដែលមានសក្តានុពលទេសចរណ៍ច្រើនអនេក និង មានកន្លែងកម្សាន្តល្បីៗជាច្រើន រួមមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និង កែច្នៃដ៏សម្បូរបែប ជាមេដែកទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តទឹកដីដ៏មនោរម្យនេះឥតដាច់។
ដូច្នេះហើយប្រសិនបើប្រិយមិត្តបានទៅលេងកម្សាន្តខេត្តបាត់ដំបង កុំព្រួយបារម្ភរឿងកន្លែងដើរលេង និង ថតរូប ព្រោះថាថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាចាប់អារម្មណ៍សួនផ្កាមួយកន្លែង ថតរូបបានស្អាតៗសឹងតែគ្រប់ប្លង់ ដែលនៅទីនោះមានឈ្មោះថា «La A Seven Flower Garden»។
«La A Seven Flower Garden» មានទីតាំងនៅម្ដុំពោធិវង្ស ស្ថិតនៅក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្រាប់ការចូលទស្សនាថតរូបលេងកម្សាន្ត គឺម្នាក់ចំណាយត្រឹមតែ ៥០០០ រៀលប៉ុណ្ណោះ ខណៈនៅទីនៅមានផ្កាដំណក់ទឹកភ្លៀង និងផ្កាជាច្រើនប្រភេទ រីករហង់ស្គុះស្គាយពេញភ្នែក រង់ចាំភ្ញៀវចូលទៅថតរូបលេងកម្សាន្ត បង្កើតអនុស្សាវរីយល្អៗ ពេលបានធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបងដីស្អិតមួយនេះ៕
រូបភាព : Meach Kong Huy