កាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមលេងហ្គេមលើទូរស័ព្ទដៃ និង អ្នកលេងហ្គេមអាជីព Esports របស់កម្ពុជា បានផ្ទុះប្រតិកម្មភ្លាមៗក្រោយឃើញវីដេអូនៅក្នុងហ្គេម Mobile Legend បានបង្ហោះរូបភាពឡូហ្គូមួយ ដោយមានរូបប្រាសាទអង្គរវត្ត តែបែរជាដាក់តំណាងឱ្យប្រទេសថៃទៅវិញ។
ក្នុងនោះដែរ វីដេអូដែលបង្ហោះឡើងនោះ សម្រាប់អ្នកនិយមលេងហ្គេម ក៏បានដឹងថាជាការផលិតឡើងពីក្រុមហ៊ុន Moontoon ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន បង្កើតវីដេអូហ្គេម និង ជាក្រុមហ៊ុនមានជំនាញការបង្កើតហ្គេមលើទូរសព្ទដៃ esports ជាដើម។ ភ្លាមនោះដែរ បណ្តាអ្នកនិយមលេងហ្គេមលើទូរស័ព្ទដៃ ជាពិសេស អ្នកលេងហ្គេមអាជីព Esports របស់កម្ពុជា ជាច្រើនបានធ្វើការចែករំលែក និង តវ៉ាភ្លាមៗទៅលើការបង្ហោះឡើង ដោយខុសទាំងស្រុងរបស់ក្រុមហ៊ុនហ្គេមដ៏ល្បីមួយនេះ។
ក្រោយផ្ទុះការប្រតិកម្ម ដោយមានទាំងការបង្ហោះវីដេអូ ការធ្វើ Reaction និង ការបង្ហោះសារពីប្រជាជនកម្ពុជាជាច្រើននោះ ក្រុមហ៊ុនហ្គេមខាងលើក៏បានកែសម្រួល និង ដករូបប្រាសាទអង្គរវត្តចេញរួចជាស្រេចហើយ ក្រោយការបង្ហោះខុសប្រមាណជា ២ ម៉ោង។ យ៉ាងណាមិញ បើទោះជាបានកែប្រែរូបភាពនោះហើយក្តី អ្នកលេង Esports នៅក្នុងប្រទេសកម្ពុជា ក៏មិនអស់ចិត្ត ព្រោះក្រុមហ៊ុនខាងលើមិនបានចេញមុខមកសុំទោសជាផ្លូវការភ្លាមៗនោះឡើយ នូវកំហុសឆ្គងមួយនេះ។
ក្រោយពីអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង ពោលគឺតាំងពីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់រសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ ទើបផេកផ្លូវការ Mobile Legends Esports បានចេញលិខិតសុំទោសជាផ្លូវការដល់កម្ពុជាជាភាសាអង់គ្លេស ដោយមានអត្ថន័យជាភាសាខ្មែរថា៖ «សមាគម MLBB Esports ជាទីគោរព! នៅថ្ងៃ Grand Finals Day នៃការប្រកួត M6 World Championship យើងបានផ្សព្វផ្សាយវីដេអូ ដើម្បីប្រកាសប្រទេសជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ M Series បន្ទាប់។ វីដេអូនេះមានតំបន់ MLBB Esports ដែលបានចូលរួម ហើយវីដេអូនេះបានដាក់រូបភាពនៃប្រាសាទអង្គរវត្តជាប្រវត្តិសាស្ត្ររបស់កម្ពុជា តំណាងឱ្យប្រទេសផ្សេង។ យើងសូមអភ័យទោសដល់សមាគមកម្ពុជា និង MLBB របស់យើងចំពោះការត្រួតពិនិត្យនេះ។ ពេលនេះ យើងបានលុបវីដេអូ បង្ហោះកំណែត្រឹមត្រូវ ហើយទាក់ទងទៅដៃគូរបស់យើង ដែលទទួលខុសត្រូវលើចំណុចនេះ ដើម្បីណែនាំ និង ការពារកុំឱ្យកើតមានឡើងម្តងទៀត។ MLBB Esports មានគោលបំណងបង្រួបបង្រួមអ្នកលេងទូទាំងពិភពលោក ហើយយើងមិនមានបំណងបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងសមាគមរបស់យើងទេ»៕