លោក ជ័យ រដ្ឋា ត្រូវបានគេស្គាល់ជាអ្នកឯកទេសថតរូបហ្វេហ្សិនដ៏ល្បីមួយរូបនៅកម្ពុជា។ ជាមួយស្នាដៃល្បីល្បាញនៅក្នុងវិស័យថតរូប និង ហ្វេហ្សិនជាច្រើនឆ្នាំ លោកមានបទពិសោធការងារជាមួយបុគ្គលល្បីៗរាប់មិនអស់ ជាពិសេស តារាសម្តែង និង តារាបង្ហាញម៉ូដ។ ចំណោមតារាល្បីៗ លោកបានលើកពីតារាស្រី ៣ រូប ដែលលោកពេញចិត្តធ្វើការជាមួយបំផុតនោះគឺ កញ្ញា រ៉េត សារីតា, អ្នកនាង គួយ ចាន់ដានិច្ច និង កញ្ញា រឿន ណាត។
លោកបានរៀបរាប់មកកាន់ «ប្រជាប្រិយ» ដូច្នេះថា៖ «អ្វីដែលខ្ញុំចូលចិត្តពីពួកគាត់គឺម៉ោងពេលវេលា។ រាល់ពេលណាត់ពួកគាត់ម្តងៗ ពួកគាត់មិនដែលមកយឺតទេ។ ទោះមានការរវល់ ក៏ពួកគាត់ប្រាប់មុនដែរ ដូច្នេះយើងអាចមានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងពេលវេលាបានល្អ។ ពួកគាត់គោរពក្រុមការងារ សូម្បីតែបុគ្គលិកប្អូនៗក៏ពួកគាត់ឱ្យតម្លៃទាំងអស់ ហើយការងារពួកគាត់ធ្វើចេញមកមានគុណភាព។ ពេលធ្វើការជាមួយពួកគាត់ ខ្ញុំមិនដែលមានសម្ពាធឡើយ អ្វីដែលយើងប្រាប់ គាត់ឆាប់យល់ ហើយបើពួកគាត់មិនយល់ ពួកគាត់សួរយើងវិញ។ ធ្វើការជាមួយពួកគាត់ ការងារនីមួយៗមានភាពរលូន។ នៅពេលសមិទ្ធផលការងារចេញមក គឺបានដូចអ្វីដែលយើងរំពឹងទុក»។
លោកបានបន្តទៀតថា ចាប់អាជីពនេះច្រើនឆ្នាំ លោកបានជួបមនុស្សល្អៗ ម៉ូឌែលល្អៗ ហើយម៉ូឌែលដែលល្អមិនមែនមានតែ ៣ នាក់ខាងលើនេះទេ មែនទែនទៅនៅមានច្រើនទៀត ដោយលោកលើកត្រឹមពួកគេទាំងបីនាក់ជាឧទាហរណ៍ជាក់ស្តែង៕