មានរឿងរ៉ាវមួយនៅប្រទេសថៃ ដែលកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយមានចោរចម្លែក បានដើរគាស់ផ្នូរនៅកន្លែងកប់ខ្មោច រួចលួចយកលលាដ៏ក្បាលរបស់សពអស់ចំនួន ២៥ សព ធ្វើឱ្យអ្នកស្រុកភិតភ័យ ថាខ្លាចចោរយកទៅធ្វើមន្តអាគមខ្មៅ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅកន្លែងកប់សពគ្មានញាតិមួយកន្លែងនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ។ នៅក្នុងថ្ងៃកើតហេតុ គឺថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ អ្នកស្រុកបានរាយការណ៍ទៅកាន់អាជ្ញាធរ ក្រោយពីឃើញថាមានផ្នូរជាច្រើនត្រូវបានគេគាស់ចេញ។
ក្នុងនោះ អាជ្ញាធរបានចុះទៅដល់ក៏បានឃើញថា មានផ្នូរចំនួន ១២ ត្រូវបានគាស់ចេញ ហើយក្នុងផ្នូរនោះ សពទាំងអស់គឺសុទ្ធតែបានបាត់លលាដ៏ក្បាលទាំងអស់។ ព័ត៌មានបានឱ្យដឹងទៀតថា ហេតុការណ៍ដូចនេះធ្លាប់កើតម្តងហើយកាលពីខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ដោយកាលនោះ គឺបាត់អស់ចំនួន ១៣ លលាដ៏ក្បាល ដែលសរុបជាមួយលើកនេះគឺទាំងអស់ ២៥ លលាដ៏ក្បាលហើយ។
ដោយឡែក អ្នកស្រុកអ្នកភូមិបាននាំគ្នាកើតការងឿងឆ្ងល់ជាខ្លាំង ហើយក៏បាននាំគ្នាសន្និដ្ឋានថា ចោរបានលួចលលាដ៏ទាំងនេះទៅ ប្រហែលជាយកទៅធ្វើរឿងទាក់ទងនឹងមន្តអាគម។ ចំណែកអាជ្ញាធរក៏បានធ្វើការស៊ើបអង្កេតបន្ត ដើម្បីស្វែងរកជនសង្ស័យ ក៏ដូចជារកមូលហេតុនៃការប្រព្រឹត្តនេះផងដែរ៕
ប្រភព៖ AMARINTV