នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនព័ត៌មាន ឱ្យបានដឹងថា នៅថ្ងៃនេះ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហេង ហៃផេង បានបង្ហោះក្នុងគណនីរបស់ខ្លួន ពីករណីបាត់កូនរបស់គាត់ដែលជាសិស្សរៀននៅ(សាលាគថ្លង់)សម្រាប់ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និង អង្គភាពពាក់ព័ន្ធ ស្រាវជ្រាវជាបន្ទាន់ លើករណីនេះ ដែលបានសាកសួរស្រាវជ្រាវព័ត៌មានពីអាណាព្យាបាល និង ពីអ្នកនៅទីកន្លែងដែលក្មេងខាងលើមានវត្តមានមុនពេលកើតហេតុ។
ខាងស្នងការបានបន្តឱ្យដឹងទៀតថា លុះនៅម៉ោង ១៦ និង ០៧ នាទី សមត្ថកិច្ចបានសហការជាមួយអាណាព្យាបាល និង អ្នកពាក់ព័ន្ធពិនិត្យមើលនៅចំណុចទឹកស្ទឹងសង្កែ ដែលអាចមានការសង័្សយអំពីបញ្ហានេះហើយរហូតវេលាម៉ោង ១៦ និង ៣០ នាទី ក្មេងដែលសង័្សយថាបាត់នោះ ត្រូវបានរកឃើញនៅក្នុងទឹកស្ទឹងសង្កែ តែជាអកុសលក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហើយ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស ពីករណីបាត់ក្មេង ឬ ការសង័្សយនានាដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិតប្រាកដនៅឡើយ ដែលជាហេតុនាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋានមហាជនទូទៅ និង មានចំណែកជាព័ត៌មានដែលមានចេតនាបំពុលបរិយា កាសសង្គមទៅវិញ៕