មហាជនអ្នកគាំទ្រតារាចម្រៀងជាបងប្អូន ២ រូប គឺលោក ម៉ម ពេជ្ជរិទ្ធ និង លោក ដួង វីរៈសិទ្ធ ដែលមានឈ្មោះដើម ម៉ម ដួងសិទ្ធ ប្រាកដជាបានដឹងមកហើយពីសមត្ថភាពនៅក្នុងវិថីសិល្បៈរបស់តារាប្រុសសំឡេងផ្អែមទាំង ២ រូប នេះ ដោយមិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងនោះទេ តែក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង ទំនុកភ្លេង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណទៀតផង ។
រយៈពេលជាច្រើនឆ្នាំក្នុងឧស្សាហកម្មតន្ត្រី តារាចម្រៀងប្រុសជាបងប្អូនទាំង ២ រូបនេះ គឺលោក ម៉ម ពេជ្ជរិទ្ធ និង លោក ដួង វីរៈសិទ្ធ ក៏បានបង្ហាញសមត្ថភាពស្ទើរគ្រប់ទម្រង់ក្នុងការបកស្រាយចម្រៀង ដោយមានទាំងបទសម័យបែបមនោសញ្ចេតនា និង ប្រពៃណី តែយ៉ាងណាតារាចម្រៀងប្រុសជាបងប្អូនត្រកូល «ម៉ម» ហាក់មិនសូវចេញបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ច្រើននោះឡើយ។
ជាការពិត ព្រោះតែសំឡេងពីរោះស្រទន់ សមនឹងទម្រង់មុខបែបសុភាពៗដូចគ្នា លោក ម៉ម ពេជ្ជរិទ្ធ និង លោក ដួង វីរៈសិទ្ធ ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបានដាក់ងារតារាចម្រៀងទាំងពីរជាតារាចម្រៀងប្រុសវ័យក្មេងស្រគត់ស្រគំខ្លាំង ពោលគឺមិនថាតែការច្រៀងនោះទេ សូម្បីតែការតុបតែងខ្លួនរបស់ពួកលោកក៏មើលទៅសមសួនស្រស់សង្ហា ស័ក្តិសមជាសុភាពបុរស។ ម្យ៉ាងទៀត បើនិយាយពីទឹកដមសំឡេងវិញ បើសិនជាអ្នកគាំទ្របានស្តាប់ដោយមិនបានឃើញមុខអ្នកច្រៀងនោះ គឺអាចនឹងចាប់ច្រឡំបាន ក៏ព្រោះទឹកដមសំឡេងលោក ម៉ម ពេជ្ជរិទ្ធ និង លោក ដួង វីរៈសិទ្ធ ពិតជាស្រដៀងគ្នាខ្លាំង៕
-លោក ដួង វីរៈសិទ្ធ ជាបងប្រុស
-លោក ម៉ម ពេជ្ជរិទ្ធ ជាប្អូនប្រុស