មកដល់ស្រុកខ្មែរ នី មុល្លីកា តួអង្គ «កណ្ដូប» មិនភ្លេចនាំកូនៗឱ្យស្គាល់ប្រាសាទបុរាណដ៏អស្ចារ្យរបស់យើង
តារាសម្ដែង នី មុល្លីកា ដែលមហាជនភាគច្រើនបានស្គាល់ថាជាតួអង្គ កណ្ដូប ក្នុងរឿង «កុមារីអាយុ ២៥ ឆ្នាំ» បានឃ្លាតកាយចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមី និង កូនៗអស់រយៈពេលច្រើនឆ្នាំមកហើយ។
ដ្បិតថាអ្នកនាង នី មុល្លីកា បន្សាត់ឃ្លាតឆ្ងាយពីអាជីពសម្ដែង ដោយទៅរស់នៅសាងសុភមង្គលគ្រួសារជាមួយស្វាមី និង កូនៗនៅប្រទេសគេ ប៉ុន្ដែជារឿយៗ តារាស្រីរូបនេះ តែងត្រលប់មកលេងក្រុមគ្រួសារ និង មាតុប្រទេសជាទីនឹករឭក។ ជាក់ស្ដែងថ្មីៗនេះ នី មុល្លីកា បាននាំគ្រួសារទាំងមូល ធ្វើដំណើរមកលេងស្រុកខ្មែរយ៉ាងមានក្ដីសុខ។
រឿងដែលគួរឱ្យកោតសរសើរ មកខ្មែរលើកនេះ នី មុល្លីកា និង ស្វាមី មិនភ្លេចនាំកូនប្រុសស្រីទាំងពីររបស់ពួកគេ ទៅលេងកម្សាន្តនៅប្រាសាទអង្គរវត្ត និង ប្រាសាទអង្គរធំ ដែលស្ថិតនៅទឹកដីខេត្តសៀមរាបដ៏ពិសិដ្ឋ ដើម្បីបង្ហាញកូនៗឱ្យឃើញផ្ទាល់ភ្នែកពីអត្តសញ្ញាណ និង ភាពអស្ចារ្យរបស់កម្ពុជា ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយឡើយ។
សកម្មភាពរបស់អ្នកនាង នី មុល្លីកា និង ក្រុមគ្រួសារ ដែលបានបង្ហោះរូបភាពលក្ខណៈគ្រួសារយ៉ាងមានក្ដីសុខនៅប្រាសាទអង្គរវត្ត គឺជាផ្នែកមួយដើម្បីចូលរួមជួយផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្មែរយើង ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយផងដែរ៕