Youtuber ល្បីម្នាក់ ធ្វើវីដេអូញុំាអាហារប្លែកៗ ឥឡូវជ្រុលខ្លួនឡើងទម្ងន់ ១៣៦ គីឡូ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ
មួយរយៈក្រោយនេះ គេសង្កេតឃើញថានៅក្នុងបណ្តាញ Youtube តែងតែមាន Content ថ្មីៗប្លែកជាច្រើនរបស់ Youtuber ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ចូលចិត្តមិនដាច់ ជាពិសេសក្នុងនោះអាចនិយាយបានថា គឺជាការញ៉ាំ Mukbang នោះឯង។
យ៉ាងណាមិញ ការញ៉ាំ Mukbang កំពុងតែក្លាយជាការពេញនិយមខ្លាំងណាស់សម្រាប់ Youtuber មួយចំនួន ក្នុងការទាញចំណូលមកពីបណ្តាញសង្គម Youtube ដោយគិតទៅលើការចូលចុចទស្សនាទៅលើវីដេអូ ។ ដោយឡែក ដោយសារតែការចង់បានការទស្សនានេះហើយ ទើបធ្វើឱ្យ Youtuber ល្បី Nick Avocado វ័យ ២៩ ឆ្នាំ ដែលគេស្គាល់ថា ជាអ្នកញ៉ាំអាហារប្លែកៗមួយរូបនៅលើបណ្តាញ Youtube បានបាត់បង់ម្ចាស់ការលើខ្លួនឯង ជ្រុលខ្លួនញុំាមិនគិតឡើងគីឡូខ្លាំង យ៉ាងមិននឹកស្មាន។
បើតាមការឱ្យដឹង Nick បានចាប់ផ្តើមការញ៉ាំដោយធ្វើជាវីដេអូនេះ គឺនៅអំឡុងនៅក្នុងឆ្នាំ ២០១៤ តែកាលនោះ លោកបានញ៉ាំជាម្ហូបបួស និង បន្លែប៉ុណ្ណោះ ហើយរូបរាងរបស់លោក ក៏នៅមានសុខភាពល្អផងដែរ។ រហូតមកទល់ឆ្នាំ ២០១៦ Nick ក៏បានប្រកាសលែងញ៉ាំម្ហូបបួស បែរមកញ៉ាំអាហារទូទៅវិញ ដែលភាគច្រើនលោកតែងតែញ៉ាំពួក Fast Food និងអាហារផ្សេងៗ ទើបធ្វើឱ្យលោកត្រូវបានមហាជនចាប់អារម្មណ៍ជាច្រើន។
យ៉ាងណាមិញ ត្រឹមរយៈពេល ៤ ឆ្នាំនៃការប្តូរការញ៉ាំអាហារនេះ Nick បានកើនទម្ងន់រហូតដល់ទៅជាង ១៣៦ គីឡូក្រាម ដែលធ្វើឱ្យរូបរាងកាយ និងសុខភាពរបស់លោកបានផ្លាស់ប្តូរស្ទើរទាំងស្រុងតែម្តង។ មកទល់ពេលនេះ សុខភាពផ្លូវចិត្តរបស់លោក ក៏មិននឹងនរ ដែលធ្វើឱ្យលោកស្ទើរតែមិនអាចគ្រប់គ្រង់អារម្មណ៍របស់ខ្លួនបាន ហើយក៏ចេះតែបន្តការញ៉ាំជារឿយៗ រហូតសុខភាពកាន់តែដុនដាបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យមហាជនជាច្រើនបារម្ភមិនតិចឡើយ៕