អ្នកគាំទ្របោះសម្ដីនេះព្រាត ពេលឃើញ វត្តីសារ៉ាវឌ្ឍី ដើរតួប្រពន្ធចុងលើកដំបូង
មហាជនអ្នកគាំទ្រ Miss Grand Cambodia 2022 និង ជាលំដាប់រងទី ៥ Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ច្បាស់ជាបានដឹងមកហើយនូវទំហំកេរ្តិ៍ឈ្មោះរបស់បវរកញ្ញាកម្ពុជារូបនេះ ដែលបានក្តោយយកប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសជាច្រើន។ លើសពីនោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ក្តោយបានទីផ្សារសិល្បៈទាំងនៅក្នុងប្រទេសកម្ពុជា និង ប្រទេសថៃយ៉ាងសន្ធឹក ដោយរួមមានទាំងការផ្សព្វផ្សាយផលិតផល និង ការថតភាពយន្តជាដើម។
ជាក់ស្តែង ស្របពេលមកដល់កម្ពុជាវិញកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ក្រោយបំពេញការងារនៅប្រទេសថៃ និង ត្រៀមរៀបចំជួបជុំអ្នកគាំទ្រនៅកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយ Poster នៃខ្សែភាពយន្តថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាសត្រូវបានបង្ហោះឡើង។ ក្នុងខ្សែភាពយន្តនោះមានចំណងជើងថា «ប្រពន្ធចិត្តព្រះ» ក៏មានការចូលរួមសម្តែងដោយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ។
ជាការពិត បើទោះជាមិនបានគ្រងតំណែងតួឯកពិតមែន តែអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំការចាក់ផ្សាយខ្សែភាពយន្ត «ប្រពន្ធចិត្តព្រះ» យ៉ាងអន្ទះសារ ក៏ព្រោះតែ Poster ដែលបានបង្ហាញរូបភាពរបស់កញ្ញា វត្តីសារ៉ាវឌ្ឍី បានឆក់យកបេះដូងអ្នកគាំទ្រមិនតិចនោះទេ ព្រោះតែម្តងនេះ Queen រូបនេះ ត្រូវបានសម្តែងជាតួអង្គឆ្នាស់ឆ្នើម ពោលគឺជាស្រីកំណាន់របស់ប្តីគេ។ ជាងនេះទៅទៀត គ្រាន់តែទឹកមុខក្នុង Poster របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី អ្នកគាំទ្រក៏ដឹងថានាងបានសម្តែងយ៉ាងស័ក្ដិសមក្នុងតួអង្គនេះមិនខាន៕