ថែសុខភាពទាំងអស់គ្នា! ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ជាថ្មី ចំនួន ១១ នាក់
នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានឱ្យដឹងថា ករណីឆ្លងកូវីដ-១៩ ជាថ្មី បានកើតមានចំនួន ១១ ករណី។
យោងតាមសេចក្ដីជូនព័ត៌មាន ស្ដីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ មានករណីឆ្លងថ្មីចំនួន ១១ នាក់ ជាករណីអូមីក្រុងទាំងអស់ និង ឆ្លងក្នុងសហគមន៍ ខណៈដែលចំនួនអ្នកជាសះស្បើយថ្មីគ្មាន និង ករណីស្លាប់ក៏មិនមានដែរ។
គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ករណីឆ្លងសរុបមានដល់ទៅ ១៣៩ ០២៧ ករណី (ក្នុងនោះឆ្លងថ្មី ១១ ករណី) ដែលក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ១៣៥ ៩៤៤ នាក់ និង ស្លាប់សរុបចំនួន ៣ ០៥៦ នាក់៕