និយាយដល់ជីវិតឯកជនរបស់តារាកំប្លែងស្រីល្បីឈ្មោះ ស្រីអ៊ីត មហាជនបានជ្រាបហើយ ក្រោយជួបនឹងរឿងរ៉ាវខកបំណងជីវិតអាពាហ៍ពិពាហ៍ តារាកំប្លែងរូបនេះបានក្លាយជាស្រ្តីមេម៉ាយដ៏រឹងមាំចិញ្ចឹមមើលថែកូនស្រីតែម្នាក់ឯង ដែលមានឈ្មោះថា ង៉ា ស្រីណាន ហៅថា ណាន ណាន។
មកដល់ពេលនេះ កូនស្រីរបស់កំប្លែងស្រីរូបនេះ ធំពេញរូបពេញរាងចូលវ័យ ១៨ ឆ្នាំហើយ ដែលមានរូបសម្រស់កាន់តែស្រស់ស្អាត ទាំងរូបរាង មុខមាត់ស្អាតខ្ញង់មិនចាញ់អ្នកម៉ាក់ឡើយ។ និយាយពីសមត្ថភាពវិញ ណាន ណាន បច្ចុប្បន្នបានក្លាយជាតារាស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពមួយរូប ដែលនាងមានទេពកោសល្យច្រើនជំនាញទាំងវិស័យចម្រៀង វិស័យបវរកញ្ញា និង អាជីពតារាកំប្លែងកាត់តាមម្ដាយផងដែរ។
យ៉ាងណាមិញ ងាកមកមើលជីវិតឯកជនរបស់តារាកំប្លែង ស្រីអ៊ីត និង កូនស្រី វិញ ពេលនេះកំពុងតែរស់នៅយ៉ាងមានក្ដីសុខសុភមង្គលខ្លាំង រស់ក្នុងផ្ទះធំ មានរថយន្តទំនើបៗ ខណៈម្ដាយកូនទាំងពីរបានចាប់ដៃគ្នាធ្វើការងារសិល្បៈចេញពីកម្លាំងញើសឈាមផងដែរ។
ដោយឡែក ថ្មីៗនេះ ម្ដាយកូនរូបស្រស់មួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ពីជីវិតឯកជនរបស់អ្នកទាំងពីរ ក្រោយពីបានឃើញចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «Let’s Chat Don’t Cheat» និយាយរៀបរាប់ពីរឿងរ៉ាវជាច្រើននៃជីវិតគ្រួសារ។
ក្នុងនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ ស្រីអ៊ីត និង កូនស្រី ក៏បានរឮកទាំងទឹកភ្នែកដល់រឿងរ៉ាវជីវិតគ្រួសារពីមុន ដោយអ្នកនាង ស្រីអ៊ីត និយាយពីការតស៊ូក្រោយពីលែងលះស្វាមី ចេញមកដៃទទេជាមួយកូនស្រី ខំស៊ូធ្វើការចិញ្ចឹមកូនស្រីតែម្នាក់ឯងទម្រាំធូរធាររស់ស្រួល រីឯ ណាន ណាន វិញ ក៏មិនខុសពីម្ដាយ ក្រោយពីក្លាយជាកូនស្រីខ្វះភាពកក់ក្ដៅពីឪពុក មានតែភាពឯកា និង ទទួលបានពាក្យមើលងាយថាជាក្មេងអត់ឪពុក តែនាងក៏ធំដឹងក្ដីឡើងដើរតាមគន្លងធម៌ខំស៊ូរៀនសូត្រ ធ្វើការជួយអ្នកម្ដាយវិញផងដែរ៕