កៀកថ្ងៃសែន! គ្រូឡុងចិនសែ ចែករំលែកអំពីគ្រឿងរណ្ដាប់សំខាន់ៗ ត្រូវរៀបចំថ្ងៃសែនលោកខែ
ពិធីបុណ្យសែនព្រះខែ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ខណៈពិធីបុណ្យមួយនេះ គេនិយមធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃព្រះចន្ទពេញបូណ៌មី ជាថ្ងៃដែលព្រះចន្ទមានពន្លឺខ្លាំងក្លាជាងគេ ក្នុងរយៈពេលមួយឆ្នាំ។
កៀកថ្ងៃសែនដែលនឹងជិតមកដល់ តាមរយៈគ្រូឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា លោកបានចែករំលែកនូវអត្ថន័យ ក៏ដូចជាគ្រឿងរណ្ដាប់សែនព្រះខែត្រួសៗ ឱ្យត្រូវតាមក្បួន និង បានផល ដែលមានដូចជា ៖
– នំវិចកោរ ឬ នំកោរមូលពណ៌ស ដែលគេនិយមសែន
– ផ្កាឈូក ព្រមទាំងគោមមួយគូ
– ធូប ទៀន និង ក្រដាសសែន (កុំឱ្យអត់ ៣ មុខនេះ ព្រោះវាសំខាន់ជាងអ្វីៗទាំងអស់)
– សម្រាប់ផ្លែឈើដែលត្រូវទិញមាន ២-៣ មុខ តែបើមិនចង់អស់ថវិការច្រើន មិនបាច់ទិញក៏បាន ដោយទិញត្រឹមក្រូចថ្លុងមូល ២ ផ្លែ សំដៅទៅលើសែនលោកខែ ដែលចិនគេហៅថាជាបុណ្យ «ចុងឈាវចៀ»។
– អ្នកសែនក៏អាចជ្រើសយកដូង ព្រមទាំងត្រាវស្ងោរ កាត់ទទឹង ដើម្បីឱ្យឃើញមូលៗ
– ទឹកមួយផ្តិលខាត់មានផ្កាម្លិះ ទឹកអប់ប្រេងម្សៅ..។
លោកគ្រូ បានបន្តឱ្យដឹងទៀតថា វេលាដែលល្អបំផុត នៅក្នុងថ្ងៃសែនព្រះចន្ទ គឺម៉ោង ៦ កន្លះឡើង តែមិនឱ្យដល់ម៉ោង ៧ ឡើយ ពោលគឺបងប្អូនត្រូវអុចធូបបួងសួងឱ្យហើយមុនម៉ោង ៧ ហើយរង់ចាំម៉ោង ៨ ម៉ោង ៩ ឬ ១០-១១ ដុតក្រដាសសែនជាការស្រេច៕