កៀកថ្ងៃចូលឆ្នាំហើយ! តស់មកស្គាល់ព្រះនាមទេពធីតាមហាសង្ក្រាន្ត ទាំង ៧ អង្គ ជាមួយភក្សាហារដែលទ្រង់ចូលចិត្ត
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នឹងឈានចូលមកដល់នៅថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល។
ទន្ទឹមនឹងថ្ងៃបុណ្យចូលឆ្នាំដែលកៀកខិតជិតមកដល់នេះ មកស្គាល់ឈ្មោះទេពធីតាមហាសសង្ក្រាន្តទាំង ៧ អង្គ របស់អង្គកបិលមហាព្រហ្ម និង គ្រឿងអាភរណៈ ភក្សាហា របស់ទ្រង់មានលក្ខណៈខុសៗគ្នា ដែលយើងគួរយល់ដឹងរួមមាន ៖
១. ថ្ងៃអាទិត្យ ៖ ព្រះនាងទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាជ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ ។
២. ថ្ងៃចន្ទ ៖ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា។
៣. ថ្ងៃអង្គារ ៖ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ (សត្វសេះ)។
៤. ថ្ងៃពុធ៖ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។
៥. ថ្ងៃព្រហស្បតិ៍ ៖ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី ។
៦. ថ្ងៃសុក្រ ៖ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី។
៧. ថ្ងៃសៅរ៍ ៖ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក។
គួរឱ្យដឹងផងដែរថា ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី (បុត្រទី ៦) គង់នៅចាតុម្មហារាជិកា ភក្សាហារ ចេកណាំវ៉ា ឬ ចេកទឹក ទ្រង់អម្ពរពណ៌ សេត (ពណ៌ស) សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ (ចាប៉ី) គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ៕