ប្រកាសផ្អាកការធ្វើដំណើរទៅលម្ហសមុទ្រ ហើយអ្នកនៅលម្ហសមុទ្រស្រាប់ សូមរកទីគោកមានសុវត្ថិភាពបន្ទាន់!
នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ញើសារសំឡេងស្តីពីបញ្ហាអាកាសធាតុជូនបងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ និង អ្នកធ្វើដំណើរតាមផ្លូវសមុទ្រនៅក្នុងខេត្តព្រះសីហនុ។
ក្នុងនោះឯកឧត្តមបានបញ្ជាក់ឱ្យបានដឹងថា ដោយលទ្ធផលនៃការព្យាករណ៍អាកាសធាតុបានបង្ហាញថា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ គឺស្ថានភាពភ្លៀង ខ្យល់ និង រលកខ្ពស់នៅក្នុងសមុទ្រ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរនៅក្នុងផ្លូវទឹក ដូច្នេះលោកបានស្នើសុំឱ្យមានការយកចិត្តទុកដាក់លើកិច្ចការងារ ២ យ៉ាង ដែលទី ១ គឺសូមឱ្យមានការជួយណែនាំប្រជាពលរដ្ឋ ប្រជានេសាទ អ្នកដំណើរទាំងឡាយ ម្ចាស់ទូក កាណូត គឺសូមឱ្យផ្អាកធ្វើដំណើរទៅក្នុងលម្ហសមុទ្រទៅតាមកោះ ដែលអាចនឹងមានហានិភ័យកើតឡើង។
ទី ២ គឺ ចំពោះបងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ដែលបានចេញទៅនេសាទនៅតាមកោះ ឬ នៅតាមលម្ហសមុទ្រ សូមប្រើមធ្យោបាយជូនដំណឹងទៅដល់ពួកគាត់ ដើម្បីបានទៅរកទីទួលសុវត្ថិភាពតាមកោះ ឬក៏មកលើគោកវិញឱ្យបានទាន់ពេលវេលា និង រកឧបករណ៍សុវត្ថិភាពដូចជាអាវពោង ជាដើម៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖