ឈុតនាំសំណាង! ចៃដន្យណាស់ Miss Grand Brazil ២០២២ គ្រងឈុតម៉ូដស្រដៀងឈុតបវរកញ្ញាចក្រវាល Brazil ឆ្នាំ ១៩៦៨
កាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីប្រកួតសម្រស់ Miss Grand International 2022 បានរកឃើញម្ចាស់តំណែងថ្មីហើយ ដោយបានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីល នាង Isabella Menin អាយុ ២៦ ឆ្នាំ និង បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគណនី និង ហិរញ្ញវត្ថុ។
ងាកទៅមើលសម្រស់បវរកញ្ញាប្រទេសប្រេស៊ីលវិញ នាងពិតជាស័ក្តិសមនឹងទទួលនូវតំណែងម្ចាស់មកុដនេះណាស់ ពោលគឺនាងមានទាំងព្រម ទាំងចំណេះដឹង រូបសម្រស់។ អ្វីដែលពិសេស កាលពីរាត្រីគ្រងមកុដនាយប់ម្សិលមិញនេះ អ្នកគាំទ្របានចាប់អារម្មណ៍ទៅនឹងឈុត Evening Gown ដែលនាង Isabella Menin បានគ្រង គឺដូចទៅនឹងឈុតរបស់បវរកញ្ញាចក្រវាល ប្រេស៊ីលដែលដណ្ដើមបានមកុដ MU នៅឆ្នាំ ១៩៦៨ ណាស់។
ទន្ទឹមនឹងឃើញភាពដូចគ្នានេះ ត្រូវបានមហាជនអ្នកស្នេហាវិស័យបវរកញ្ញាយល់ថា នេះគឺជាការរចនាចេញពីទម្រង់តែមួយ ព្រោះឈុតនេះអាចជាឈុតនាំលាភសំណាងដល់បវរកញ្ញា និង ប្រទេសប្រេស៊ីល។ គួរឱ្យដឹងដែរថា នៅឆ្នាំ ១៩៦៨ បវរកញ្ញាចក្រវាលប្រេស៊ីល មានឈ្មោះថា Martha Vasconcellos បានឈ្នះមកុដដោយគ្រងឈុតមានម៉ូដបែបនេះ ហើយនៅឆ្នាំ ២០២២ នេះ Miss Grand នាង Isabella Menin និង អ្នកគ្រប់គ្រងកម្មវិធី Miss Grand Brazil បានរចនាឈុតម៉ូដស្រដៀងនេះ ដើម្បីគ្រងប្រកួត៕