ពិធីសម្ភោធជាផ្លូវការរថយន្តស៊េរីថ្មី MG RX5 Reborn ឆ្នាំ 2023 និង រថយន្តអគ្គិសនី MG Marvel R មកកាន់ទីផ្សារប្រទេសកម្ពុជា
នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ MG Cambodia បានបង្ហាញនូវរថយន្តអគ្គិសនីដំបូងគឺ MG Marvel R ជាមួយនឹងរថយន្តជំនាន់ថ្មីនៃ MG RX5 Reborn ស៊េរីឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ក្នុងពេលវេលាដ៏ពិសេសនេះ MG មិនមែនបើកបង្ហាញតែរថយន្តស៊េរីថ្មីមួយម៉ូឌែលទេ ប៉ុន្តែ MG បានបង្ហាញនូវម៉ូឌែលថ្មីចំនួន ២ ដែលធ្វើឱ្យទាក់ដល់បេះដូងអតិថិជនជាច្រើនសម្រាប់រថយន្តប្រភេទ SUV និង រថយន្តអគ្គិសនីដែលមានការរចនាបែបអនាគត និង ពិតជាពិសេសសម្រាប់អតិថិជនដែលស្រឡាញ់បរិស្ថាន។
កម្មវិធីបានប្រព្រឹត្តិទៅយ៉ាងអស្ចារ្យសម្រាប់ការសម្ភោធជាផ្លូវការរថយន្តស៊េរីថ្មី MG RX5 Reborn និង រថយន្តអគ្គិសនី MG Marvel R អមជាមួយការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយផងដែរ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះបានចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃក្រុមហ៊ុន ធី អេហ្វ ម៉ូទ័រ ខេមបូឌា ភ្ញៀវកិត្តិយសពីក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ អ្នកជំនាញផ្នែករថយន្ត និង មានវត្តមានតារាល្បីៗជាច្រើនរូប ដូចជា លោក ម៉ម ពេជ្ជរិទ្ធិ កញ្ញា ឡេង ឡេង កញ្ញា វីហ្សា និង លោក សុភក្រ្ត ក៏ដូចជាអតិថិជន MG និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
រថយន្តជំនាន់ថ្មីប្រភេទ SUV ដែលលក់ដាច់ខ្លាំងបំផុតគឺ MG RX5 Reborn ស៊េរីឆ្នាំ ២០២៣ បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយតម្លៃពិតជាពិសេសត្រឹមតែ $39 990 តែប៉ុណ្ណោះ (ប្រម៉ូសិនសម្រាប់ខែកុម្ភៈ) និង មានលក្ខណៈពិសេសជាច្រើនចំណុចដែលពិតជាមានភាពទំនើបទាន់សម័យ កម្លាំងខ្លាំង មានភាពធំទូលាយ និង ប្រណីតជាងមុន ដែលផ្តល់នូវផាសុកភាព និង មានសុវត្ថិភាពខ្ពស់ជាងមុន។ រថយន្ត MG RX5 Reborn មានការរចនាថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និង ផ្នែកខាងក្រៅ ដែលផ្តល់នូវដំណើរការនៃការបើកបរកាន់តែអស្ចារ្យជាងមុន ហើយរថយន្ត MG RX5 Reborn ស៊េរីថ្មីគឺបានរចនាឡើងដើម្បីផ្ដល់នូវផាសុកភាព សុវត្ថិភាព និង ការបើកបរដ៏មានប្រសិទ្ធភាពជាមួយភាពឆ្លាតវៃ និង ភ្ជាប់នូវបទពិសោធថ្មីក្នុងការធ្វើដំណើរ។
បន្ថែមលើសពីនេះ MG ក៏បានបង្ហាញនូវរថយន្តអគ្គិសនី MG Marvel R ស៊េរីឆ្នាំ ២០២៣ ដែលនេះជារថយន្តអគ្គិសនីចុងក្រោយគេបង្អស់ទើបតែមានវត្តមានក្នុងប្រទេសកម្ពុជា បន្ទាប់ពី MG បានបង្ហាញរួចមកហើយនូវម៉ូឌែឡ ZS EV ប៉ុន្តែវាពិតជាមានភាពល្អប្រសើរជាងមុនជាមួយការបើកបរសន្សំសំចៃខ្ពស់នឹងគ្មានការបញ្ចេញជាតិពុលទៅបរិយាកាស (Zero emission) ការសាកថ្មីពេញអាចបើកបរបានរយៈចម្ងាយឆ្ងាយ និង មានបច្ចេកវិទ្យាទំនើបចុងក្រោយដែលអាចសាកថ្មបានលឿន និង មានការសន្សំសំចៃខ្ពស់ដែលស័ក្តិសមសម្រាប់រថយន្តបែបអនាគត។ MG ក៏បានបង្កើនការលក់កាន់តែល្អជាមួយរថយន្តអគ្គិសនីដែលបានបណ្តុះចិត្តអតិថិជនឱ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាខ្ពស់ និង ទាន់សម័យកាលឈានមុខគេ។
ក្នុងពេលវេលាដ៏អស្ចារ្យនេះ លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន ធី អេហ្វ ម៉ូទ័រ ខេមបូឌា បានមានប្រសាសន៍លើកឡើងថា ៖ «ចាប់តាំងពីឆ្នាំ២០០៩មកម្លេះដែល MG បានមានវត្តមាននៅប្រទេសកម្ពុជា ជាមួយនឹងការចាប់ផ្តើមលក់ចេញដំបូងត្រឹមតែ ៥ គ្រឿងក្នុង ១ ខែ ប៉ុន្តែមកដល់ពេលនេះយើងមានការលក់ចេញលើសពី ១០០ គ្រឿងក្នុង ១ ខែ ហើយការរីកចម្រើនមួយនេះក៏៏ដោយសារតែប្រជាជនកម្ពុជាទទួលស្គាល់នូវតម្លៃដ៏សមរម្យនៃរថយន្ត MG ជាមួយនឹងគុណភាពល្អ ហើយការផ្តល់សេវាកម្មជូនអតិថិជនក៏កាន់តែល្អ។ ក្រុមហ៊ុន MG ក៏បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការពង្រីកថ្មីនៃអគារតាំងបង្ហាញរថយន្ត MG សាខាទឹកថ្លា ជាមួយនឹងការបង្កើតសាខាថ្មីនៃ MG សាខាផ្លូវ ៦០ ម៉ែត្រ ហើយក៏បានបន្ថែមជាមួយមជ្ឃមណ្ឌលថែទាំ និង ជួសជុលរថយន្ត MG នៅសាខាខេត្តសៀមរាប ដើម្បីផ្ដល់ជូននូវសេវាកម្មកាន់តែងាយស្រួល និង ឆាប់រហ័សជូនដល់អតិថិជនរបស់យើងដែលស្ថិតនៅខេត្តជុំវិញសៀមរាបដែរ»។
លោកបានបន្តទៀតថា ៖ «យើងខ្ញុំក៏មិនអាចឈរនៅទីនេះបានដែលបើគ្មានគ្រួសារ MG ដែលតែងតែគាំទ្រ និង មានទំនុកចិត្តមកលើរថយន្ត MG កន្លងមក ហើយយើងបានប្តេជ្ញាថានឹងផ្ដល់ជូននូវសេវាកម្មកាន់តែល្អអមជាមួយនឹងរថយន្តទំនើបទាន់សម័យកាលជូនដល់ប្រជាជនកម្ពុជាយើង ដូចជារថយន្តប្រភេទ SUV ស៊េរីថ្មីទាំង ២ ម៉ូឌែលដែលបានបើកសម្ពោធនារាត្រីនេះ ហើយវានឹងជួយពង្រឹងបន្ថែមដល់ក្រុមហ៊ុន MG ឱ្យកាន់តំណែងចំណាត់ថ្នាក់លេខ ៣ នៃទីផ្សាររថយន្តរថយន្តនៅកម្ពុជា ក្នុងឆ្នាំ ២០២៣ នេះ»៕