រំជួលចិត្តបំផុត! គ្រួសារជនរងគ្រោះ ត្រៀមឈុតក្នុងក្តីស្រមៃឱ្យកូនៗ មុននឹងព្រះមហាក្សត្រប្រទានព្រះភ្លើងបូជា
កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍បាញ់បោះយ៉ាងមិននឹកស្មានមួយ បានកើតឡើងនៅសាលារៀនមួយកន្លែង នាខេត្ត Nong Bua Lam Phu ប្រទេសថៃ ដែលបានឆក់យកជីវិតក្មេងៗ ព្រមទាំងអ្នកគ្រូយ៉ាងគួរឱ្យរន្ធត់ចំនួន ៣៩ នាក់ រាប់ទាំងទារកក្នុងផ្ទៃម្នាក់ទៀត។
យ៉ាងណាមិញ សពរបស់ជនរងគ្រោះមួយចំនួន ក៏ត្រូវបានគេបូជាបណ្តើរៗរួចរាល់ទៅហើយ នៅឡើយតែសពក្មេងៗចំនួន ២០ សពទៀតប៉ុណ្ណោះ ដែលនឹងត្រូវព្រះមហាក្សត្រថៃប្រទានព្រះភ្លើងបូជា។
ក្នុងនោះ ទន្ទឹមនឹងការរងចាំ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ព្រះចៅអធិការវត្ត Sri Uthai ដែលជាវត្តតម្កល់សពរបស់ក្មេងៗ បានឱ្យដឹងថា ខ្លួនបានចាត់ត្រៀមឱ្យមានពិធីប្តូរសម្លៀកបំពាក់ឱ្យក្មេងៗដែលបាត់បង់ជីវិតហើយ ដែលនោះគឺជាឈុតខោអាវការងារ ដែលពួកគេស្រឡាញ់កាលពីនៅមានជីវិត។
លោកគ្រូចៅអធិការ បានឱ្យដឹងទៀតថា ខ្លួនកំពុងតែស្នើរឿងនេះ ទៅកាន់ក្រសួងវប្បធម៌ ដែលជារៀបចំចាត់ចែងពិធីបុណ្យសព ហើយចំណែកខាងគ្រួសាររបស់ក្មេង ក៏បានយល់ព្រមជាមួយការប្តូរឈុតរួចរាល់ទៅហើយដែរ។
យ៉ាងណាមិញ ឈុតទាំង ២០ ឈុតនេះដែរ មានដូចជាឈុតប៉ូលិស គ្រូពេទ្យ ទាហាន គ្រូបង្រៀន និង អ្នកអវកាស និង ត្រូវបានហាងកាត់ដេរមួយកន្លែងទទួលកាត់ដោយមិនគិតថ្លៃឡើយ ហើយក្នុងមួយឈុតៗ គឺត្រូវជាមួយនឹងសព ដែលដូចនឹងការកុម៉្មង់ចង់បានរបស់គ្រួសារពួកគេ៕