តស់ៗ! អ្នកនិពន្ធវ័យក្មេង សេន គីមណេង ដើរតាមក្ដីស្រមៃបើកហាង «វណ្ណសៀវភៅ» ចំថ្ងៃខួបកំណើត ទៅទិញថ្ងៃនេះមានប្រូម៉ូសិនឱ្យទៀត
ជឿថាប្រិយមិត្តអ្នកចូលចិត្តអានស្នាដៃប្រលោមលោក ច្បាស់ជាធ្លាប់បានស្គាល់ស្នាដៃប្រលោមលោក «ពាក្យថាស្រឡាញ់» «បេះដូងមួយនេះ» ឬ «សួស្ដីសមុទ្រ» ហើយ ដែលជាស្នាដៃអ្នកនិពន្ធវ័យក្មេង គង់ ច័ន្ទវ៉ាន់ណេង ឬ គេស្គាល់ថា សេន គីមណេង ដែលមានបទពិសោធជាច្រើននៅលើវិថីតែងនិពន្ធនេះ។
បន្ទាប់ពីឈរជើងលើវិស័យតែងនិពន្ធនេះមកជាច្រើនឆ្នាំ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃដែលអ្នកនិពន្ធ សេន គឹមណេង បើកសាកល្បងនូវហាងសៀវភៅប្រលោមលោកដ៏គួរឱ្យស្រឡាញ់មួយ មានឈ្មោះថា «វណ្ណសៀវភៅ» ចំក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន។
សមិទ្ធផលថ្មីក្នុងវិថីតែងនិពន្ធ ដែលមានឈ្មោះ «វណ្ណសៀវភៅ» បើកឱ្យដំណើរការសាកល្បងក្នុងថ្ងៃនេះ គឺមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៥៨ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពោលគឺនៅក្រោយវិទ្យាល័យហ៊ុនសែនបូរី ១០០ ខ្នង និង សាលាប៊ែលធីអន្តរជាតិសាខាដីហុយ។
ក្នុងឱកាស Soft Opening នេះផងដែរ «វណ្ណសៀវភៅ» មានប្រូម៉ូសិនបញ្ចុះតម្លៃ ២០០០ រៀល ដល់ ៨០០០ រៀល ដែលផ្ដល់ជូនពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ រហូតដល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤។
សូមរំលឹកផងដែរថា កំឡុងឆ្នាំ ២០១៨ ជាពេលដែលអ្នកនិពន្ធ សេន គីមណេង ចេញផ្សាយស្នាដៃសៀវភៅជាលើកដំបូង ជាមួយប្រលោមលោកខ្នាតខ្លី ៦០ ទំព័រ មានចំណងជើងថា «គ្មានថ្ងៃឈប់ស្រឡាញ់បង»។ គិតចាប់តាំងពីការបោះពុម្ពផ្សាយតាមប្រព័ន្ធឌីជីថល ម្ចាស់ស្នាដៃ «សួស្ដីសមុទ្រ» បានចាប់អាជីពជាអ្នកនិពន្ធខ្ទង់ ១០ ឆ្នាំមកហើយ ក្នុងនោះមាននៅលើ Digital ជិត ២០ ស្នាដៃ និង ស្នាដៃសៀវភៅបោះពុម្ពផ្សាយមាន ៤ សៀវភៅ និង ស្នាដៃចូលរួមជាមួយអ្នកនិពន្ធផ្សេងៗមួយចំនួនទៀត៕