កូនស្រីទៅរៀនគ្មានមិត្តនឹងគេ ម្តាយឆ្ងល់ទៅសួរគ្រូ ទើបដឹងថាកូនស្រីស្លៀកពាក់ខោអាវថ្លៃៗពេក ទើបគ្មានអ្នកហ៊ានលេងជាមួយ
ថ្មីៗនេះមានអ្នកម្តាយមកពីប្រទេសចិនមួយរូប មានការហួសចិត្តជាមួយនឹងកូនស្រីរបស់ខ្លួន ដែលទៅរៀនគ្មានមិត្តនឹងគេ ព្រោះមូលហេតុស្លៀកពាក់ខោអាវថ្លៃៗពេក ទើបមិនមានអ្នកហ៊ានលេងចូល។
ស្រ្តីជាម្តាយបានរៀបរាប់ឱ្យដឹងថា គ្រួសាររបស់នាងជាគ្រួសារអ្នកជំនួញ ដែលមានឋានៈសមរម្យល្អ ហើយក្រោយពីរៀបការជាមួយស្វាមីនាងក៏បានកូនស្រីម្នាក់ជាចំណងដៃ។ ដល់កូនស្រីដល់វ័យកូនរៀន នាងក៏បានបញ្ជូនកូនឱ្យរៀនថ្នាក់មតេ្តយ្យ ប៉ុន្តែក្រោយមកនាងសង្កេតឃើញថា កូនរបស់នាងហាក់ដូចជាមិនមានមិត្តភក្តិដូចគេសោះ គេតែងដើរចេញពីថ្នាក់តែម្នាក់ៗឯង ទាំងដែលអ្នកដទៃគេដើរចេញមកជាក្រុមៗយ៉ាងសប្បាយ ហើយរឿងនេះបានធ្វើឱ្យនាងបារម្ភពីសុខទុក្ខរបស់កូនជាខ្លាំង។
នៅថ្ងៃមួយ កូនស្រីរបស់នាងក៏បានមកយំប្រាប់នាងថា គេបានព្យាយាមនិយាយរាប់អានមិត្តក្នុងថ្នាក់ហើយ ប៉ុន្តែគ្មាននរណាចាប់អារម្មណ៍ជាមួយនាងសោះ ជាពិសេសនៅពេលដែលចេញលេងនាងក៏ត្រូវគ្រូឱ្យទៅអង្គុយឱ្យឆ្ងាយពីគេទៀតផង។ ស្រ្តីជាម្តាយបានឮដូច្នេះហើយ ក៏កើតអារម្មណ៍ខឹងជាខ្លាំង ហើយបានទៅសួរគ្រូថាហេតុអ្វីបានជាធ្វើបែបនេះចំពោះកូនស្រីរបស់នាង។
ក្នុងនោះ ស្រាប់តែគ្រូតបមកវិញថា កូនស្រីរបស់នាងតែងប្រើរបស់ថ្លៃៗ ដែលធ្វើឱ្យអាណាព្យាបាលរបស់ក្មេងៗនៅក្នុងថ្នាក់ព្រួយបារម្ភខ្លាចកូនចៅខ្លួនធ្វើឱ្យខូចខាតរបស់ទាំងនោះ ទើបបានហាមពួកគេមិនឱ្យលេងជាមួយនាងឡើយ។ យ៉ាងណាមិញ ម្តាយឮហើយពិតជាមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង ព្រោះមិននឹកស្មានថារបស់ដែលពួកគេទិញឱ្យកូនប្រើ បែរជាធ្វើឱ្យកូនមិនមានមិត្តបែបនេះសោះ៕
ប្រភព៖ Sanook