នំខេកបុរាណមួយដុំ សល់ពីពិធីអភិសេកម្ចាស់ក្សត្រី Elizabeth II កាល ៧៧ ឆ្នាំមុន លក់បានតម្លៃជិត ៤ ពាន់ដុល្លារ
មហាជនជាច្រើនកំពុងភ្ញាក់ផ្អើលមិនតិចឡើយទៅលើការលក់ចេញនូវនំខេកបុរាណមួយដុំ មានអាយុ ៧៧ ឆ្នាំ ដែលបានតម្លៃរហូតដល់ទៅដល់ជិត ៤ ពាន់ដុល្លារ។
តាមព័ត៌មានបានឱ្យដឹងថា ខេកមួយដុំនេះ គឺជារបស់ Marion Paulson ដែលជាអ្នកថែរក្សាវាំង Holyroodhouse នៅ Edinburgh ។ Marion បានខេកមួយដុំនេះ មកពីពិធីអភិសេករបស់ម្ចាស់ក្សត្រី Elizabeth II និង ព្រះអង្គម្ចាស់ Philips តាំងពីក្នុងឆ្នាំ ១៩៤៥ មកម្ល៉េះ ក្នុងនោះគេមិនបានយកញ៉ាំភ្លាមៗឡើយ ដោយបានរក្សាទុករហូតដល់បច្ចុប្បន្ន។ ខេកមួយដុំនេះ ពីដើមឡើយមានការដាក់ដេញថ្លៃតម្លៃត្រឹមតែ ៦៥០ ផោនប៉ុណ្ណោះ តែចុងក្រោយមានបុរសជនជាតិចិនម្នាក់បានទិញយកក្នុងតម្លៃរហូតដល់ទៅ ៣០០០ ផោន ដែលស្មើប្រហែល ៣៨០០ ដុល្លារឯណោះ។
ដោយឡែក គួរឱ្យដឹងដែរថា នំខេកនៅក្នុងព្រះរាជពិធីអភិសេករបស់ម្ចាស់ក្សត្រី Elizabeth II និង ព្រះអង្គម្ចាស់ Philips ត្រូវបានរចនាឡើងដោយកំពូលអ្នកច្នៃនំដ៏ល្បីរបស់ក្រុមហ៊ុន McVitie & Price ។ កាលនោះខេកទាំងមូលមានចំនួន ៤ ជាន់ មានឈ្មោះថា 10,000-mile wedding cake វាមានកម្ពស់ដល់ទៅ ២.៧ ម៉ែត្រ ព្រមទាំងមានទម្ងន់រហូតដល់ទៅ ២២៦ គីឡូក្រាមឯណោះ ហើយធ្វើឡើងដោយគ្រឿងផ្សំល្អៗដែលនាំយកពីប្រទេសអូស្រ្តាលី និង អាហ្វ្រិកា។ ចុងក្រោយនំខេកនេះ ត្រូវបានកាត់ជាចំនួន ២០០០ ដុំ ហើយបានឱ្យទៅភ្ញៀវចំនួន ១៤៧ នាក់ និង បានយកចែកចាយទៅតាមសាលារៀន មន្ទីរពេទ្យ ក៏ដូចជាស្ថាប័នផ្សេងៗជាច្រើន៕
ប្រភព៖ Sanook