សភានៅទីក្រុង ញូវយ៉ក ស្នើឱ្យមានច្បាប់ថ្មី អនុញ្ញាតឱ្យបុគ្គលិកអាចដាក់ច្បាប់ ដើម្បីមើលថែសត្វចិញ្ចឹមដែលឈឺ
ថ្មីៗនេះ មានសារព័ត៌មានបានរាយការណ៍ឱ្យដឹងថា សភានៅទីក្រុង New Yorks សហរដ្ឋអាមេរិក បានស្នើច្បាប់ថ្មីមួយដែលអាចឱ្យបុគ្គលិកធ្វើការទាំងឡាយដាក់ច្បាប់សម្រាកបាន ដើម្បីទៅមើលថែរក្សាសត្វចិញ្ចឹមដែលកំពុងឈឺ។
ក្រុមប្រឹក្សាទីក្រុងញូវយ៉កបានណែនាំច្បាប់នេះ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ ដោយធ្វើវិសោធនកម្មច្បាប់ ESSTA (Earned Safe and Sick Time Act) របស់ទីក្រុង New York ដែលជាច្បាប់ស្តីពីសិទ្ធិឈប់សម្រាកឈឺរបស់និយោជិត ដោយក្នុងនោះគេបានឱ្យនិយោជិតអាចដាក់ច្បាប់ដើម្បីទៅមើលថែសត្វចិញ្ចឹមរបស់ខ្លួនថែមទៀត ក្នុងករណីដែលវាមានការឈឺថ្កាត់ របួស និង ត្រូវការការថែរក្សាជាចាំបាច់។
យ៉ាងណាមិញ សេចក្តីព្រាងច្បាប់នេះនៅតែស្ថិតក្នុងដំណាក់កាលធ្វើបទបង្ហាញ ដោយមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ថាពីក្រុមប្រឹក្សាក្រុង New York នៅឡើយទេ ក្នុងនោះបើក្រុមប្រឹក្សាអនុម័តហើយនឹងមានការប្រកាសឱ្យដឹងបន្ទាប់ពី ១២០ ថ្ងៃក្រោយការអនុម័ត៕
ប្រភព៖ Daily News