ហែលទឹកអំឡុងពពោះ ជាលំហាត់ប្រាណសុវត្ថិភាពជាងគេ សំខាន់មានប្រយោជន៍ស្មានមិនដល់
ហែលទឹកគឺជាការបង្កើតចលនាស្រាលៗធ្វើឱ្យរាងកាយមានថាមពល។ យោងតាមមហាវិទ្យាល័យសម្ភព និង រោគស្ត្រីរបស់អាមេរិក (American College of Obstetricians and Gynecologists) ការហែលទឹកគឺជារបៀបនៃការធ្វើលំហាត់ប្រាណ ដែលមានសុវត្ថិភាពជាងគេក្នុងអំឡុងពេលមានផ្ទៃពោះ។ វាធ្វើឱ្យរាងកាយមានសុខភាពល្អ និង អាចទប់ទល់នៅពេលសម្រាល។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលស្ត្រីមិនគួរមើលរំលងលំហាត់ប្រាណមួយនេះ។
១. ហែលទឹកជាទម្រង់លំហាត់ប្រាណដែលមានការប៉ះពាល់តិចតួចបំផុតនៅអំឡុងពពោះ។ វាល្អចំពោះឆ្អឹង និង សន្លាក់។ ដោយសាររាងកាយអណ្តែតនៅលើផ្ទៃទឹក វានឹងជួយបន្ថយការដាក់សម្ពាធទម្ងន់មកលើដងខ្លួន។
២. អំឡុងពពោះ ពីដំណាក់កាលមួទៅដំណាក់កាលមួយ ស្ត្រីតែងប្រឈមបញ្ហាពិបាកគេង តែជាសំណាងល្អ ការហែលទឹកអាចជួយជំរុញដល់ដំណេក ធ្វើឱ្យឆាប់គេងលក់ និង គេងស្កប់ស្កល់ជាងមុន។ កាលណាគេងគ្រប់គ្រាន់ សុខភាពទូទៅនៃរាងកាយទាំងម្តាយ និង កូននឹងល្អប្រសើរ។ ហើយវាថែមទាំងជួយដល់ការអភិវឌ្ឍន៍របស់កូនក្នុងផ្ទៃផងដែរ។
៣. ការហែលទឹកជាលំហាត់ប្រាណមួយ ដែលជួយកាត់បន្ថយការឈឺចាប់ ជាពិសេសនៅពេលមានអាការៈហើមជើង ឬមិនស្រណុកខ្លួនដោយសារឡើងទម្ងន់។ សូម្បីតែពេលជិតសម្រាល ការងូតទឹក ការត្រាំទឹក និង ការហែលទឹក ក៏ជាផ្នែកមួយជួយសម្រួលការឈឺចាប់ផងដែរ។
៤. ការហែលទឹកអាចជួយដល់ប្រព័ន្ធសរសៃប្រសាទរបស់ទារកក្នុងផ្ទៃ។ នៅក្នុងការពិសោធមួយបានរកឃើញថា ការហែលទឹករបស់ម្តាយមានផ្ទៃពោះ បានផ្លាស់ប្តូរការវិវឌ្ឍន៍ខួរក្បាលរបស់កូនតាមរបៀបវិជ្ជមាន។ ការសិក្សានេះបង្ហាញថា ការហែលទឹកអាចការពារទារកប្រឆាំងនឹងជំងឺម្យ៉ាងហៅថា hypoxia-ischemia ឬជំងឺសរសៃប្រសាទខួរក្បាល។
៥. លំហាត់ប្រាណហែលទឹកអាចអនុវត្តបានគ្រប់អំឡុងត្រីមាស។ ដូច្នេះអ្នកអាចហែលបានតាំងពីពេលចាប់ផ្តើមមានផ្ទៃពោះរហូតដល់ជិតសម្រាល។
ខណៈការហែលទឹកជាលំហាត់ប្រាណមានសុវត្ថិភាពជាងគេ ជាស្ត្រីមានផ្ទៃពោះក៏ត្រូវត្រៀមខ្លួនសម្រាប់ការហែលផងដែរ។ គន្លឹះខ្លះៗសម្រាប់ការហែលទឹកមានដូចជា៖ រកមើលឈុតហែលទឹកណាដែលពាក់ត្រូវរាង, ដើរប្រុងប្រយ័ត្នកន្លែងមានទឹក និង ជណ្តើរចុះអាង, ប្រើឡេការពារកម្តៅថ្ងៃមានសារធាតុ SPF 30, បំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់ និង តែងមានគ្នាទៅជាមួយ ដើម្បីជួយភ្លាមៗក្នុងករណីមានការមិនស្រួលកើតឡើង៕
ប្រភព៖ healthline