ហេតុការណ៍យន្តហោះបើកធ្លាក់ផ្លូវនៅឥណ្ឌូនេស៊ី ខ្ទេចតួយន្តហោះធ្ង-ន់ធ្ងរ និង ធ្វើឱ្យរបួសអ្នកដំណើរច្រើននាក់
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅប្រទេសឥណ្ឌូនេស៊ី បានជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវខណៈកំពុងតែហោះចេញពីព្រលាននៅខេត្ត Papua បណ្ដាលឱ្យអ្នកដំណើរមួយចំនួនរងរបួស និង តួយន្តហោះរងការខូចខាតធ្ងន់ធ្ងរ។
យន្តហោះ ATR-42 របស់ក្រុមហ៊ុន Trigana Air បានបើកធ្លាក់ផ្លូវនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ខណៈកំពុងរត់លើផ្លូវត្រៀមហោះចេញពីព្រលានយន្តហោះ។ តាមការបញ្ជាក់ពីប្រធានផ្នែកសន្តិសុខ សុវត្ថិភាព និង គុណភាពប្រចាំក្រុមហ៊ុនជើងហោះហើរខាងលើបានឱ្យដឹងថា យន្តហោះមួយគ្រឿងនោះបានដឹកអ្នកដំណើរសរុបចំនួន ៤២ នាក់ (រួមមានទារកម្នាក់ និង បុគ្គលិកចំនួន ៦ នាក់) បានធ្លាក់ផ្លូវក្នុងចម្ងាយប្រមាណ ២០ ម៉ែត្រពីផ្លូវរត់។
តាមភ្នាក់ងារសង្គ្រោះមានលើកឡើងថា អ្នកដំណើរភាគច្រើនគឺតក់ស្លុត និង រងរបួស ប៉ុន្តែមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ លោក Ardyan Ukie Hercahyo មេប៉ូលិសក្នុងតំបន់បាននិយាយថា៖ «គ្រប់គ្នាមិនគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ដោយអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ពួកយើងកំពុងដាក់ការស៊ើបអង្កេត និង ធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីធានាថាហេតុការណ៍បែបនេះនឹងមិនកើតមានឡើងម្ដងទៀត»៕
ប្រភព៖ VN Express