(វីដេអូ) លួងផងឌឺផង! ភរិយា សីលាបញ្ញា និយាយបែបនេះឡើង ពេលឃើញប្ដីយំប៊ិះធ្លាក់ពីការប្រកួតធ្វើម្ហូប
មហាជនអ្នកគាំទ្រតាមដានកម្មវិធីប្រកួតថ្វីដៃធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ បានដឹងហើយពីបេក្ខជនដ៏ឆ្នើម សីលាបញ្ញា ដែលជាបេក្ខជនមានថ្វីដៃខ្លាំងមួយរូប ធ្លាប់ទទួលបានការសរសើរជាច្រើនពីគណៈកម្មការជាមួយនឹងសមត្ថភាពរបស់លោកក្នុងការចម្អិនកន្លងមក។
យ៉ាងណាមិញ មកដល់សប្ដាហ៍ទី ១៥ នៃកម្មវិធី MasterChef Cambodia ថ្មីៗកន្លងទៅនេះ បេក្ខជន សីលាបញ្ញា ហាក់ធ្លាក់ទឹកដៃខ្លាំង ដែលពីមួយវគ្គទៅមួយវគ្គក្នុងសប្ដាហ៍នេះ គឺលោកពុំសូវចម្អិនម្ហូបបានល្អឡើយ ជាពិសេសវគ្គវិញ្ញាសារគ្រឿងផ្សំគោលខ្យងឬស្សី លោកធ្វើមិនបានល្អទាល់តែសោះ ដែលធ្វើឱ្យគណៈកម្មការភ្លក់មិនសូវពេញចិត្ត។
ក្នុងវគ្គនេះដែរ ដោយសារតែការចម្អិនរបស់ សីលាបញ្ញា មិនបានល្អ លោកត្រូវបានគណៈកម្មការប្រកាសជាបេក្ខជនជម្រុះពីកម្មវិធីក្នុងសប្ដាហ៍ទី ១៥ នេះ ជាមួយនឹង បេក្ខនារី រស្មី ប៉ុន្តែគណៈកម្មការក៏បានផ្ដល់ឱកាសឱ្យអ្នកទាំងពីរបន្តប្រកួតនៅសប្ដាហ៍ក្រោយទៀត ដែលធ្វើឱ្យ បញ្ញា ហាក់រំភើបរំជួលចិត្តខ្លាំងរហូតយំមួយទំហឹងតែម្ដង។
ដោយឡែក ក្រោយពីបញ្ចប់ការប្រកួតក្នុងសប្ដាហ៍នេះ ក្រឡេកទៅមើលពីជីវិតឯកជនរបស់ សីលាបញ្ញា វិញ ដែលត្រូវបានគេដឹងថាលោករៀបការមានគ្រួសាររួចហើយ ដោយអ្វីកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ ខណៈបានឃើញភរិយាជាទីស្រឡាញ់របស់លោក បានបង្ហោះវីដេអូ TikTok លេងចាក់បទចម្រៀងរាំជាមួយស្វាមី ដែលអ្នកនាងលើកពីការប្រកួតរបស់ស្វាមី នឹកឃើញហួសចិត្តឌឺផង លួងស្វាមីផង ភ្ជាប់ជាមួយពាក្យថា ៖ «ដាក់ ១ បទ កុំឱ្យប្ដីយំទៀត» និង «នឹកឃើញប្តី មិចចេះយំកើត»៕