នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ លើបណ្ដាញសង្គមហ្វេសប៊ុក មានមហាជនអ្នកគាំទ្រ ជាពិសេសអ្នកក្នុងសិល្បៈចម្រៀងមានការស្លុតចិត្ត និង សោកស្ដាយខ្លាំងចំពោះការបាត់បង់តារាចម្រៀងរ៉េប RuthKo ជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀង RAPPER FIGHTER ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់មួយប៉ប្រិចភ្នែក។
ក្រោយទទួលដំណឹងមរណភាពនេះ ធ្វើឱ្យមហាជន និង អ្នកសិល្បៈរួមអាជីពជាច្រើន បានបង្ហោះចែករំលែករូបភាពភ្ជាប់ជាមួយសារបង្ហាញអារម្មណ៍រំជួលចិត្តសោកស្ដាយជាពន់ពេកចំពោះការបាត់បង់សិល្បករដ៏មានសមត្ថភាពរូបនេះ។
ក្នុងនោះដែរ ក៏បានឃើញតារាចម្រៀងប្រុសលោក ឆាយ វីរៈយុទ្ធ បង្ហោះសារបង្ហាញអារម្មណ៍រំជួលចិត្តខ្លាំងចំពោះមរណភាពរបស់តារាចម្រៀងរ៉េប RuthKo ព្រមទាំងបាននិយាយរៀបរាប់ពីអត្តចរិតរបស់តារាចម្រៀងរ៉េបរូបនេះឱ្យដឹងថា តារាចម្រៀងរ៉េប RuthKo ជាសិល្បករវ័យក្មេងមួយរូបមានទាំងសមត្ថភាព ទេពកោសល្យ រូបសម្បត្តិ និង អត្តចរិតល្អ ចេះគោរពចាស់ទុំរៀមច្បង។
សារនោះ លោក ឆាយ វីរៈយុទ្ធ បានរៀបរាប់ថា ៖ «នៅពេលដែលបងបានឮដំណឹងនេះភ្លាម ហេតុអ្វីក៏បងមានអារម្មណ៍រំជួលក្នុងចិត្តបែបនេះ វាលឿនពេក លឿនរកអ្វីមកវាស់មិនបាន ប្អូនប្រុសមានអត្តចរិតល្អ ចេះគោរពចាស់ទុំ រៀមច្បង មានសមត្ថភាពខ្ពស់ រូបសម្បត្តិស្រស់សង្ហា បានគ្រប់ទាំងអស់ ពិភពលោកនេះម្តេចក៏អយុត្តិធម៌ខ្លាំងម៉្លេះ ម្តេចក៏ត្រូវជួបរឿងបែបនេះ បងពិតជាសោកស្តាយ ស្តាយ ជាទីបំផុត ដែលបានបាត់បង់ប្អូនប្រុសដ៏ល្អ សូមប្អូនប្រុសបានសោយសុខណាអូនណា ជាតិក្រោយសូមឱ្យអូនអាយុវែង»៕