ក្ដៅគគុក! ND របស់ Miss Grand មីយ៉ាន់ម៉ា ដោះមកុដ និង ខ្សែឆៀងពីបវរកញ្ញាចោលទាំងមុខមាំ រួចផុសថា «Bye forever»
បន្ទាប់ពីមានរឿងចម្រូងចម្រាស់ជាមួយប្រទេសកម្ពុជាពាក់ព័ន្ធនឹងការបញ្ចប់សិទ្ធិជាម្ចាស់ផ្ទះ ហើយបវរកញ្ញាតំណាងប្រទេសកម្ពុជាក៏បោះបង់សិទ្ធិចូលរួមប្រកួត Miss Grand International 2024 រួចមក កម្មវិធីប្រកួតសម្រស់មួយនេះ ហាក់មានរឿងអាស្រូវមិនចេះចប់ ដោយមានបេក្ខជនមួយចំនួនបានប្រកាសបោះបង់សិទ្ធិប្រកួតពាក់កណ្ដាលទី។
យ៉ាងណាមិញមកដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ យប់មិញនេះ កម្មវិធី MGI បានប្រកាសបវរកញ្ញាគ្រងមកុដថ្មី គឺបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា ខណៈបវរកញ្ញាមកពីប្រទេសហ្វីលីពីន ទទួលបានតំណែង 1st Runner Up និង បវរកញ្ញាមីយ៉ាន់ម៉ា ទទួលបានមកុដ 2nd Runner Up។ ដោយឡែករឿងដែលកំពុងក្ដៅគគុកបំផុតនោះ គឺនៅយប់ផ្ទេរមកុដ អ្នកគ្រប់គ្រងកម្មវិធី Miss Grand មីយ៉ាន់ម៉ា (ND Miss Grand Myanmar) បានដោះមកុដពីលើក្បាលបវរកញ្ញារបស់ខ្លួន ហើយចោលនៅចំណោមមនុស្សជាច្រើន។
លើសពីនេះ លោក SoeMin Tun ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand មីយ៉ាន់ម៉ា រូបនេះ បានបង្ហោះសារក្ដែងៗនៅលើគណនីហ្វេសប៊ុកជាសាធារណៈថា «Bye forever» បន្ទាប់ពីមានរឿងរ៉ាវមួយនេះកើតឡើង។
ដ្បិតថាបែបនេះ ចំពោះរឿងរ៉ាវនៅពីក្រោយទង្វើរបស់ ND Miss Grand Myanmar 2024 រូបនេះ នៅមិនទាន់មានការបកស្រាយនៅឡើយទេ៕